ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅព្រឹកនេះ រួមមាន៖ ថ្នាក់បញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបប្រមាណ ២,១១៥ នាក់ មាននារី ១,១៣៩នាក់។ ក្នុងនោះ មានព្រះសង្ឃ ២៩អង្គ, និស្សិតពិការចំនួន ៣០ នាក់ នារី ៩នាក់ និងនិស្សិតអាហារូបករណ៍របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ១៤៤នាក់ នារី៥៣នាក់។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់តុលាការកំពូល ដែលបានផ្តល់យុត្តិធម៌ដល់គ្រួសារលោកស្រី ទេព កុលាប និងគ្រួសារ កាលពី១០ឆ្នាំមុន ដែលជាការចាប់ផ្តើម នៃការរីកចម្រើន នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU) មកដល់បច្ចុប្បន្ននេះ។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីសង្គ្រោះលោកស្រីទេព កុលាប លោកជំទាវ ហ៊ុន ម៉ាណា បានប្រើប្រាស់លុយជាង២លានដុល្លារសហរដ្ឋអាមេរិកទុកសម្រាប់ប្រើប្រាស់ធ្វើទំនើបកម្ម និងទប់កំខាតទូរទស្សន៍បាយ័នទៅជួយលោកស្រីកទេព កុលាប ដើម្បីសងទៅលោកឧកញ៉ា កុក អាន។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសហៅខ្លួនឯងថា ជាបុរសចិត្តដែក តែភ្នែកទន់។ សម្តេចបញ្ជាក់ថា «លោកមិនអាចឈរមើលរឿងអយុត្តិធម៌កើតឡើងបានឡើយ ក្នុងនោះមានរឿងរបស់លោកស្រីទេព កុលាប និងក្រុមគ្រួសារផងដែរ»។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះយើងមិនមានរៀបចំ ព្រះរាជពិធីបុណ្យអុំទូកថ្នាក់ជាតិនៅឆ្នាំនេះក៏ពិតមែន តែតាមបណ្តាខេត្ត និងមូលដ្ឋាននានាទូទាំងប្រទេស ចាប់ផ្តើមនាំគ្នារៀបចំការប្រណាំងទូក និងកម្មវិធីកម្សាន្តនានា ផ្តល់ការកម្សាន្តសប្បាយរីករាយដល់ប្រជាពលរដ្ឋ។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីកិច្ចខិតចំប្រឹងប្រែង និងការត្រៀមរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាមោទកភាពសម្រាប់ជាតិខ្មែរទាំងមូល។
- សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដល់ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា(ស្តាប់ហើយត្រូវអនុវត្តន៍ភ្លាម) ពាក់ព័ន្ធការផ្លាស់ប្តូរទីកន្លែងរបស់ឪពុកម្តាយ អាណាព្យាបាលក្មេងៗ ឬសិស្សានុសិស្ស ត្រូវប្រាកដថាទោះពួកគាត់ចល័តដល់ទីណាក៏ដោយ ត្រូវឱ្យពួកគេទទួលបានការអប់រំ បណ្តុះបណ្តាល។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយសម្តែងមោទកភាព និងសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការចូលរួមរបស់វិស័យឯកជន វិនិយោគលើការអប់រំ បណ្តុះបណ្តាល គ្រប់កម្រិត ដែលជាការធានា និងចូលរួមជាមួយរាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលធនធានមនុស្ស។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សា ទាំងអស់សូមផ្តោតសំខាន់ និងកុំបោះបង់ចោលការបណ្តុះបណ្តាលលើវគ្គជំនាញ (បណ្តុះបណ្តាលលើឯកទេស ឬជំនាញ)ព្រោះវគ្គទាំងនោះ មានសារសំខាន់ និងជាតម្រូវការជាក់ស្តែងនាពេលបច្ចុប្បន្ន។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការបញ្ចប់មុងតំណែងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺធ្វើឡើងស្របតាមតាមមាត្រ នៃច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន បានហៅក្រុមអ្នករិះគន់ពាក់ព័ន្ធការបញ្ចប់មុខតំណែងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជាមនុស្សល្ងង់ ខ្វះការសិក្សាស្រាវជ្រាវ។
- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបញ្ចប់មុខតំណែងឯកឧត្តម វេង សាខុន មិនមានអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែធ្វើមិនបានដូចអ្វីដែលសម្តេចចង់បានតែប៉ុណ្ណោះ ហើយសម្តេចក៏បានទូលព្រះមហាក្សត្ររួចហើយដែរ ដើម្បីតែងតាំងឯកឧត្តម វេង សាខុន ជារដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អ្នករៀបរៀងភាពយន្តជីវប្រវត្តិសម្តេចក្នុងសម័យតស៊ូ សូមធ្វើឱ្យផ្ចិតផ្ចង់ កុំខ្ជះខ្ជាយ និងឱ្យត្រឹមត្រូវ តាមភាពជាក់ស្តែងសម័យនោះ ព្រោះប្រវត្តិសាស្ត្រមិនអាចបំភ្លៃបានឡើយ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ភាពយន្តប្រវត្តិសាស្ត្ររៀបរាប់ពីការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងសម័យសង្គ្រាម គ្រោងប្រើប្រាស់ថវិកាប្រមាណ ៦លានដុល្លារសហរដ្ឋអាមេរិក ដែលថវិកាទាំងនោះ គឺជាថវិកាផ្ទាល់ខ្លួន ដោយមិនមានប្រើប្រាស់ថវិការដ្ឋមួយកាក់មួយសេនណាឡើយ។
- សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាដល់នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទឲ្យរឹតបន្តឹងការការពារសន្តិសុខឲ្យខ្ពស់បំផុត(ផ្លូវគោក, ផ្លូវទឹក និងអាកាស) ដើម្បីការពារសន្តិភាព សុវត្ថិភាពដល់ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលអាស៊ាន និងប្រទេសផ្សេងទៀតដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញនាខែវិច្ឆិកាខាងមុខនេះ។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់តុលាការបារាំង ដែលបានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្តេច ពីចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ជនម្នាក់ឈ្មោះ សម រង្ស៊ី ដោយសម្តេចបញ្ជាក់ថា «ទៅពីខ្មែរដល់បារាំង ខ្ញុំចង់បានតែប៉ុណ្ណឹង»។
- សម្តេចតេជោ ហ៊ុន សែន បានប្រកាសមិនប្តឹងឧទ្ធរណ៍ទៅតុលាការបារាំងដោយសារការមិនទទួលបានប្រាក់សំណង ១អឺរ៉ូពីជនម្នាក់ឈ្មោះ សម រង្ស៊ី ឡើយ ព្រោះអ្វីដែលសម្តេចទទួលបាន គឺយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការបារាំង គឺគ្រប់គ្រាន់ជាទីពេញចិត្តហើយ។
- សម្តេចតេជោ ហ៊ុន សែន ប្រកាសជំហរជាអន្តរជាតិរបស់កម្ពុជាមិនគាំទ្រ មិនលើកទឹកចិត្តឱ្យមានការប្រើប្រាស់កម្លាំង ដើម្បីរំលោភបំពានលើអធិបតេយ្យភាពប្រទេសផ្សេងឡើយ ដោយសម្តេចចោទជាសំនួរថា «បើគេរំលោភបំពានលើយើង តើយើងគិតយ៉ាងម៉េច..?»
សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង ០៩ និង៥១នាទី