ភ្នំពេញ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ដោយសេចក្តីអនុម័តនេះក្រោមសំឡេង៥៥ លើ៥៥ នៃសមាជិកព្រឹទ្ធសភាដែលបានចូលរួមនៃកិច្ចប្រជុំ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំលើកទី៩នីតិកាលទី៤នៃព្រឹទ្ធសភា ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងថា សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាននេះ គឺមានអត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ដោយសារតែច្បាប់នេះ គឺនឹងបើកទូលាយចំពោះអ្នកវិនិយោគបរទេសមកកម្ពុជាឲ្យកាន់តែច្រើន ហើយក៏នឹងផ្តល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា កាន់តែច្រើនបន្ថែមទៀតផងដែរ។
ឯកឧត្តម ម៉ម ប៊ុននាង បានបញ្ជាក់បន្ថែមទៀតថា ក្រោយសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាននេះរួជាស្ថាពរ កិច្ចការរកស៊ីរបស់អ្នកវិនិយោគក៏ផ្តល់ភាព ងាយស្រួល ហើយក៏អាចកាត់បន្ថយបងប្អូនប្រជាពលរដ្ឋចំណាក់ស្រុកទៅក្រៅប្រទេសផងដែរ៕(ដោយ៖ បាន ចក់)