ក្រចេះ៖ ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ជាក្រុមហ៊ុនថ្មីមួយទៀត បានបើកដំណើរការអាជីវកម្មស្ល និងចាក់ចេញជាដុំមាសជាលើកដំបូងរបស់ខ្លួននៅកម្ពុជា ដោយមានផែនការផលិតឱ្យបាន ៦០គីឡូក្រាម នៅក្នុងជំហាន៣ខែដំបូងនេះ។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២២ បានអញ្ជើញចូលរួមក្នុងដំណើរការកត់ត្រាទិន្នន័យស្លរ៉ែមាសលើកទី១ របស់ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd នៅខេត្តក្រចេះ ក្នុងនោះ គឺបើកដំណើរការកត់ត្រាទិន្នន័យស្លរ៉ែមាសរបស់ខ្លួន ដោយបានកត់ត្រាថ្លឹងកំហាប់រ៉ែមាស មានទម្ងន់ជាង ៧,៨ ពាន់ក្រាម និងបានយកកំហាប់រ៉ែមាសនោះទៅស្ល និងចាក់ចេញជាដុំមាស បានចំនួន ៧ដុំ ដោយមានទម្ងន់សរុបជាង ៨,២ ពាន់ក្រាម ដែលមានអត្រាភាពសុទ្ធប្រមាណ ៩៩.៩% ។
ជុំវិញការធ្វើអាជីវកម្មស្ល និងចាក់ចេញជាដុំមាស សម្រាប់គម្រោងសាកល្បង ៣ខែដំបូងនេះ ក្រុមហ៊ុន Xing Yuan Kanng Yeak គ្រោងផលិតឱ្យបាន ៦០ គីឡូក្រាម គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ខាងមុខ ពោលគឺក្នុងមួយខែៗ ក្រុមហ៊ុន នឹងជម្រុញផលិតឲ្យបានក្នុងរង្វង់ប្រមាណ ២០ គីឡូក្រាម។
ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ទទួលបានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មរ៉ែមាស ពីក្រសួងរ៉ែ និងថាមពល កាលពីខែសីហា ឆ្នាំ២០១៨ លើទំហំដីចំនួន ២៨ គីឡូម៉ែត្រក្រឡា ដើម្បីប្រតិបត្តិការអាជីវកម្មរ៉ែមាសរបស់ខ្លួនចនៅស្រុកសំបូរ ខេត្តក្រចេះ។
ក្រោយពីទទួលបានអាជ្ញាបណ្ណ ក្រុមហ៊ុនបានតម្លើងខ្សែសង្វាក់ផលិតកម្មអាជីវកម្មរបស់ខ្លួន តែដោយសារតែបញ្ហាកូវីដ-១៩ ក្រុមហ៊ុនទើបតែបានបញ្ចប់ការសាងសង់ និងរៀបចំខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននៅក្នុងខែ តុលា ឆ្នាំ២០២២ នេះ។
សូមបញ្ជាក់ថា ជុំវិញការធ្វើអាជីវកម្មរ៉ែមាស កម្ពុជាទទួលបានការធ្វើអាជីវកម្មចម្រាញរ៉ែមាសមានចំនួន ៣ ក្រុមហ៊ុន, ក្នុងនោះ ក្រុមហ៊ុន រឺនីសង់ Renaissance Minerals (Cambodia) Ltd ទទួលបានអាជ្ញាបណ្ណរុករករ៉ែមាសពីក្រសួងរ៉ែ និងថាមពល ស្ថិតនៅក្នុងតំបន់អូរខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគីរី, ក្រុមហ៊ុន ឌែលខម (Delcom Cambodia ) ជាក្រុមហ៊ុនខ្នាតមធ្យម បានធ្វើអាជីវកម្ម នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ និងក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ដែលជាក្រុមហ៊ុនទី៣ បានចាប់ផ្តើមធ្វើអាជីវកម្មស្ល និងចាក់ចេញជាដុំមាស នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ៕
អត្ថបទ៖ សុន រ៉ាឌី






