ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា គិតក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារបរទេសមានទំហំទឹកប្រាក់សរុបជាង ១៧ពាន់លានដុល្លារអាម៉េរិក កើនជាង ២៤ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១កន្លងទៅ។
នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពី កម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣-២០២៧ កាលពីរសៀលថ្ងៃទី១០ ខែតុលាកន្លងទៅនេះ នៅរាជធានីភ្នំពេញ ឯកឧត្តមរដ្ឋមន្រ្តីពាណិជ្ជកម្ម មានប្រសាសន៍ថា ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅបរទេសនៅឆ្នាំ២០០១ មានត្រឹមតែជាង ១ ១៨០លានដុល្លារ ចំនួននេះ មានការកើនឡើងដល់ជាង ១៩ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២១ ក្នុងនោះការនាំចេញសំលៀកបំពាក់វាយនភណ្ឌ មានទឹកប្រាក់ចំនួនជាង ៦ ៧០០លានដុល្លារអាមេរិក និងការនាំចេញផលិតផលធ្វើដំណើរ និងកាបូប មានទឹកប្រាក់ចំនួនជាង ១ ១៨០លានដុល្លារអាមេរិក។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្តថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅបរទេសមានទំហំទឹកប្រាក់ជាង ១៧ ៥០០ លានដុល្លារអាមេរិក កើនឡើងជាង ២៤ភាគរយ បើធៀបទៅនឹងរយៈពេល៩ខែដូចគ្នា ឆ្នាំ២០២១ ក្នុងនោះការនាំចេញសំលៀកបំពាក់វាយនភណ្ឌ កើនឡើងជាង ២៣ភាគរយ និងការនាំចេញផលិតផលធ្វើដំណើរ និងកាបូបមានការកើនឡើងជាង ៣៦ភាគរយ។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់បន្ថែមថា ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការមួយរបស់រដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់ និងពិភពលោក ជាពិសេសតាមរយៈការចចារពាណិជ្ជកម្មសេរីពហុភាគី ទ្វេរភាគី និងប្រទេសជាដៃគូផ្សេងៗទៀត។
ចុងក្រោយនេះ ក្រសួងពាណិជ្ជកម្មសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ៕អត្ថបទ៖ឈិត បូរ៉ាវី
