បាត់ដំបង៖ ពិធីបុណ្យអុំទូកចេញព្រះវស្សា ក្នុងក្រុងបាត់ដំបង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០ ខែតុលាឆ្នាំ២០២២ បានបញ្ចប់ទៅដោយជោគជ័យជាមួយ នឹងការទាក់ទាញបានភ្ញៀវទេសចរជិត ២០ម៉ឺននាក់បានមកកម្សាន្តក្រោមបរិយាកាសសប្បាយរីករាយ សុខសុវត្ថិភាព និងសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរ ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា អុំទូកខេត្តបាត់ដំបងរយៈពេលពីរថ្ងៃ បានទទួលជោគជ័យ សប្បាយរីករាយទាំងអស់គ្នា។រាល់កង្វះខាតឆ្នាំនេះ នឹងត្រូវយកទៅកែលំអនៅឆ្នាំក្រោយ។
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ថា ភ្ញៀវទេសចរដែលបានមកកម្សាន្តក្នុងឱកាសពិធីបុណ្យអុំទូកចេញព្រះវស្សា ក្នុងក្រុងបាត់ដំបង ឆ្នាំ២០២២នេះ មានចំនួន ១៨៩ ១៦៧ នាក់ក្នុងនោះភ្ញៀវជាតិចំនួន ១៨៨ ៩៥៧ នាក់និងអន្តរជាតិ (ទេសចរផ្ទៃក្នុង) មានចំនួន ២១០ នាក់។
ប្រជាពលរដ្ឋ បានសម្ដែងការអារម្មណ៍សប្បាយរីករាយ និងកក់ក្ដៅយ៉ាងក្រៃលែងចំពោះសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ដែលរដ្ឋបាលខេត្តបានរៀបចំយ៉ាងល្អប្រសើរ។
ក្នុងពិធីបិទការប្រណាំងទូកអបអរបុណ្យចេញព្រះវស្សាខេត្តបាត់ដំបង នៅវេទិកាអុំទូកមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងក្ដីរីករាយដែលមានឱកាសជាថ្មីទៀតបានចូលរួមទស្សនា និងគាំទ្រការប្រារព្ធពិធីប្រណាំងទូកខេត្តបាត់ដំបង ដែលមានប្រជាពលរដ្ឋជាចំណុះទូក និងប្រជាពលរដ្ឋជាអ្នកមកលេងកំសាន្តយ៉ាងច្រើនកុះករនាឱកាសនេះ។
សម្ដេច ក៏បានថ្លែងអំណរគុណ ថ្នាក់ដឹកនាំ ក្រុមការងារ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ សប្បុរជនទូទៅ ដែលបានចូលរួមគាំទ្ររដ្ឋបាលខេត្តបាត់ដំបង នៅក្នុងការរៀបចំព្រឹត្តិការណ៍នេះ ពិសេសបានចូលរួមផ្ដល់ការគាំទ្រជាថវិកា សម្លៀកបំពាក់ ស្បៀងអាហារ ភេសជ្ជៈ ដល់ចំណុះទូកដែលបានចូលរួមប្រណាំងញាំងបរិយាកាសរីករាយជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា កម្មវិធីសំខាន់ៗក្នុងពិធីបុណ្យអុំទូករួមមាន៖ ការបួងសួងសុំសិរីសួស្តីជូនដល់កងទ័ពជើងទឹកមុនចេញដំណើរការពារដែនទឹក,ដង្ហែក្បួនកងទ័ពជើងទឹកចេញពីមុខសាលាខេត្ត ឆ្ពោះទៅវេទិកាអុំទូក,ការសម្តែងសិល្បៈរបស់អង្គការហ្វារពន្លឺសិល្បៈ,ការដង្ហែក្បួនទូកចេញពីមុខវេទិកាឆ្ពោះទៅដើមទីប្រកួត,បង្ហោះប៉េងប៉ោងចម្រុះពណ៌នៅមុខវេទិកាផ្នែកខាងកើតស្ទឹង,ការសម្តែងឆត្រយោង (Para motor) តាមបណ្តោយដងស្ទឹង, កម្មវិធីប្រណាំងទូកចំនួន ៣៥ គ្រឿង, ពិធីដង្ហែប្រទីប និងបណ្តែតប្រទីប,ការបង្ហោះគោម នៅបរិវេណមុខខ្លោងទ្វារសាលាខេត្ត,ការបាញ់កាំជ្រួច,ការសម្តែងសិល្បៈលាយឡំជាមួយប្រទីបលើផ្ទៃទឹក ដោយអង្គការហ្វារពន្លឺសិល្បៈ ការប្រគំតន្ត្រីបុរាណសម័យ,ការតាំងពិព័រណ៌ផលិតផល និងស្តង់លក់អាហារនៅតាមបណ្តោយផ្លូវខាងកើតស្ទឹងសង្កែ,ការប្រគុំតន្រ្តីខ្នាតធំនៅសួននាគបាញ់ទឹក ដើម្បីបង្កើតទស្សនីភាពពេលរាត្រីជូនភ្ញៀវទស្សនា៕អត្ថបទ៖ សុខរិទ្ធិ







