បេឡារុស៖ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Belta ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយថា បេឡារុស និងរុស្ស៊ី នឹងដាក់ពង្រាយកងកម្លាំងយោធាពិសេស រួមគ្នាឆ្លើយតបទៅនឹងអ្វីដែលលោកហៅថា ជាការបង្កើនភាពតានតឹង នៅលើព្រំដែនភាគខាងលិចរបស់ប្រទេសនេះ ។
លោក Lukashenko បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសទាំង២ បានចាប់ផ្ដើមរួមកម្លាំងគ្នា២ថ្ងៃមុន ទំនងជាបន្ទាប់ពីការបំផ្ទុះស្ពានមួយដែលតភ្ជាប់ពីរុស្ស៊ីទៅកាន់ឧបទ្វីបគ្រីម៉េ ដែលរុស្ស៊ីបានដាក់បញ្ចូលក្នុងឧបសម្ព័ន្ធកាលពីឆ្នាំ 2014 ។
សេចក្ដីប្រកាសនេះ មានឡើង ខណៈរុស្ស៊ីវាយប្រហារដោយមីស៊ីលលើទីក្រុងជាច្រើនទូទាំងអ៊ុយក្រែន រួមទាំងរដ្ឋធានី Kyiv ដែលជាការវាយប្រហារលើកដំបូងក្នុងពេលជាច្រើនខែមកនេះ។
ទីភ្នាក់ងារសារព័ត៌មាន Belta បានដកស្រង់សម្ដីរបស់លោក Lukashenko ខណៈនិយាយអំឡុងកិច្ចប្រជុំជាមួយក្រុមមន្ត្រីសន្តិសុខ ថា ខ្ញុំបាននិយាយរួចមកហើយថា ថ្ងៃនេះ ប្រទេសអ៊ុយក្រែន មិនត្រឹមតែជាប្រធានបទដែលត្រូវលើកយកមកពិភាក្សាទេ ថែមទាំងមានគម្រោងវាយប្រហារលើមកលើដែនដីរបស់បេឡារុសទៀតផង ។
លោកពុំបានផ្ដល់ភស្តុតាងណាមួយចំពោះការអះអាងនោះទេ។ម្ចាស់របស់ពួកគេកំពុងរុញពួកគេ ឲ្យចាប់ផ្ដើមសង្រ្គាមទល់នឹងបេឡារុសក្នុងការទាញយើងឲ្យពាក់ព័ន្ធនៅទីនោះ។
លោក បានបន្ថែមថា យើងបានព្រមព្រៀងបញ្ជូនកងកម្លាំងប្រមូលផ្ដុំក្នុងតំបន់នៃសហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋបេឡារុស ។ លោក Lukashenko ពុំបានបញ្ជាក់ច្បាស់ពីទីតាំងដែលត្រូវបញ្ជូនទាហានទៅនោះទេ៕សុខមាន