UN ៖ មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតកាលពីថ្ងៃចន្ទទី១០តុលា ទាត់ចោលការអំពាវនាវរបស់រុស្ស៊ី ដែលស្នើសុំឲ្យមហាសន្និបាទសមាជិកមាន193 ប្រទេស បោះឆ្នោតសំងាត់នៅសប្ដាហ៍នេះ លើបញ្ហាថា តើត្រូវថ្កោលទោសសកម្មភាពរបស់ទីក្រុង Moscow ក្នុងការដាក់បញ្ចូលជាឧបសម្ព័ន្ធដោយផ្នែកលើតំបន់ចំនួន៤ នៅក្នុងប្រទេសអ៊ុយក្រែន មាន Donetsk, Luhansk, Kherson និងZaporizhzhia ឬអត់ ។
មហាសន្និបាត អង្គការសហប្រជាជាតិ បានសម្រេចដោយមានសំឡេងគាំទ្រ107 ថាខ្លួននឹងបោះឆ្នោតជាសាធារណៈ និងមិនបោះឆ្នោតសំងាត់ទេ លើពង្រាងសេចក្ដីសម្រេច ដែលនឹងថ្កោលទោសការធ្វើប្រជាមតិក្លែងក្លាយ និងការប៉ុនប៉ងដាក់បញ្ចូលជាឧបសម្ព័ន្ធដោយខុសច្បាប់ ។ក្រុមអ្នកការទូត និយាយថា ការបោះឆ្នោតលើសេចក្ដីសម្រេចនេះ ទំនងជានឹងធ្វើឡើងនៅថ្ងៃពុធស្អែកនេះ។
មានប្រទេសចំនួន ១៣ ប៉ុណ្ណោះកាលពីថ្ងៃចន្ទដែលបានជំទាស់ការរៀបចំបោះឆ្នោតជាសាធារណៈលើពង្រាង សេចក្ដីសម្រេច ចំណែកប្រទេស៣៩ទៀត បានអនុបវាទ និងប្រទេសមួយចំនួនទៀត មិនបានបោះទេ ។
រុស្ស៊ី បានលើកឡើងថា ការបោះឆ្នោតសំងាត់ជារឿងចាំបាច់ ព្រោះលោកខាងលិចកំពុងទទូចថា វាអាចជួបការលំបាកខ្លាំង ប្រសិនបើ ជំហរនានាត្រូវបានបញ្ជាក់ជាសាធារណៈនោះ៕