អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃចន្ទបានចាត់ទុកការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងនានារបស់អ៊ុយក្រែនថា ជាតាកទិកភេរវកម្មសមញ្ញ នៅក្នុងសុន្ទរកថារបស់លោក។
លោក Zelenskyy និយាយនៅពេលកំពុងឈរនៅចំណុចប្រសព្វមួយក្នុងទីក្រុងគីវ ដែលហ៊ុំព័ទ្ធដោយការខូចខាតថា សូមសម្លឹងមើលគោលដៅពិតប្រាកដ រុស្ស៊ីតែងតែដាក់គោលដៅលើរោងចក្រថាមពលនៅជុំវិញប្រទេស និងប្រជាជនគឺជាគោលដៅសំខាន់នៃការវាយប្រហារទាំងនេះ។
ក្នុងអំឡុងពេលសុន្ទរកថា លោកបានរាយបញ្ជីទីតាំងវប្បធម៌ និងប្រវត្តិសាស្ត្រជាច្រើនកន្លែងដែលរងការខូចខាតដោយការវាយប្រហារ ដូចជាសាកលវិទ្យាល័យដែលមានអាយុកាល190ឆ្នាំនិងសាលសិល្បៈ ព្រមទាំងទីតាំងដែលមានសារៈសំខាន់ចំពោះសាសនាគ្រឹស្តនៅអឺរ៉ុបខាងកើត។
លោក Zelenskyy និយាយថា អ៊ុយក្រែនមិនអាចត្រូវបានគេបំភិតបំភ័យបាននោះទេ។ មានតែការរួបរួមគ្នាកាន់តែច្រើនហើយពិភពលោកទាំងមូលបានកត់សម្គាល់ពីសកម្មភាពដែលបានឃើញ។
អភិបាលក្រុងគីវ លោកVitali Klitschko បានចុះពិនិត្យស្ពានដែលបានរងការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃចន្ទ។ ស្ពានសម្រាប់អ្នកថ្មើរជើង Klitschko នៅកណ្តាលទីក្រុងគីវ មានផ្ទាំងកញ្ចក់នៅលើនោះ។ វីដេអូ បានបង្ហាញពីការបំផ្ទុះដ៏ខ្លាំងនៅក្រោមស្ពាន ដោយមានផ្សែងហុយឡើង ហើយបុរសម្នាក់បានរត់គេចខ្លួនបន្ទាប់ពីការផ្ទុះ។ ពុំមានការខូចខាតអ្វីគួរឲ្យកត់សម្គាល់ចំពោះស្ពាននេះភ្លាមៗនោះទេ។ ដោយកំពុងនិយាយខណៈលោកថតការខូចខាតតាមទូរស័ព្ទ ហើយបានរើសកញ្ចក់និងកម្ទេចកម្ទីស្ពាន Klitschko លោក បាននិយាយថា លោកប្រាកដថាស្ពាននឹងត្រូវបានជួសជុលឡើងវិញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ៕