ហៃទី៖ ប្រទេសហៃទី បានអំពាវនាវសុំឱ្យមានកងកម្លាំងប្រដាប់អាវុធអន្តរជាតិ ខណៈក្រុមជនអន្ធពាល និងក្រុមបាតុករធ្វើឱ្យប្រទេសនេះជាប់គាំង ក្នុងពេលមានការខ្វះប្រេង និងទឹកប្រើប្រាស់ ខណៈអង្គការសហប្រជាជាតិពិចារណាលើការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធយ៉ាងឆាប់រហ័ស ដើម្បីជួយបញ្ចប់វិបត្តិនៅប្រទេសហៃទី។
ការបិទផ្លូវនៅតែបន្តរារាំងចរាចរណ៍ក្នុងរដ្ឋធានី ដែលក្រុមអ្នកតវ៉ាស្រែកប្រឆាំងការចូលកាន់កាប់របស់បរទេស និងទាមទារឱ្យមានការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី។
កាលពីថ្ងៃសុក្រ រដ្ឋាភិបាលប្រទេសហៃទី បានចេញផ្សាយឯកសារផ្លូវការមួយដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី លោក Ariel Henry និងមន្ត្រីជាន់ខ្ពស់ចំនួន 18 រូបស្នើសុំពីដៃគូអន្តរជាតិនូវការដាក់ពង្រាយកម្លាំងប្រដាប់អាវុធឯកទេសជាបន្ទាន់ក្នុងចំនួនគ្រប់គ្រាន់ ដើម្បីបញ្ឈប់សកម្មភាពឧក្រិដ្ឋកម្មរបស់ក្រុមជនអន្ធពាលប្រដាប់អាវុធនៅទូទាំងប្រទេស។
ការស្នើសុំនេះធ្វើឡើងជិតមួយខែ បន្ទាប់ពីក្រុមជនអន្ធពាលដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសហៃទី បានឡោមព័ទ្ធឃ្លាំងប្រេងឥន្ធនៈសំខាន់មួយក្នុងរដ្ឋធានី ព័រអូប្រាំង ដោយរារាំងការចែកចាយប្រេង ម៉ាស៊ូត និងប្រេងសាំងប្រហែល 10 លានហ្គាឡុង និងប្រេងកាតជាង 8សែនលីត្រដែលរក្សាទុកនៅទីតាំងនោះ។
ប្រជាជនហៃទី ជាច្រើនបានច្រានចោលគំនិតនៃការធ្វើអន្តរាគមន៍ពីអន្តរជាតិ ដោយនិយាយថា កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទ និងបានបង្កឱ្យមានការរាលដាលជំងឺអាសន្នរោគកាលពីមួយទសវត្សរ៍មុន ដែលបានបណ្តាលឲ្យមនុស្សជិត 10,000 នាក់ស្លាប់។
នគរបាលជាតិរបស់ប្រទេសហៃទី បានព្យាយាមគ្រប់គ្រងក្រុមជនអន្ធពាលដោយធនធានកងកម្លាំងមានកម្រិត និងកង្វះបុគ្គលិក ដោយមានតែមន្ត្រីសកម្មចំនួន 12,800 នាក់ប៉ុណ្ណោះសម្រាប់ប្រទេសដែលមានប្រជាជនជាង 11 លាននាក់។
ក្រុមអ្នកតវ៉ាក៏បានបិទផ្លូវទាមទារឲ្យលោក Henry ចុះចេញពីតំណែងចាប់តាំងពីលោកបានប្រកាសកាលពីដើមខែកញ្ញាថា រដ្ឋបាលរបស់លោកមិនអាចមានលទ្ធភាពក្នុងការឧបត្ថម្ភធនលើប្រេងឥន្ធនៈបានទៀតទេ ដែលនាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងសាំង ប្រេងម៉ាស៊ូត និងប្រេងកាត៕