ប៉ាស៊ីហ្វិក៖ បច្ចុប្បន្ននេះ បានក្លាយជាព្យុះត្រូពិច ដែលកាលពីពេលមុនជាព្យុះដ៏មានឥតទ្ធិពល Julia បានបក់បោកមកលើប្រទេសហ្គាតេម៉ាឡា និងអែលសាវ៉ាឌ័រ ដោយមានភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃចន្ទ បន្ទាប់ពីព្យុះបានវាយបោកបក់ជាថ្មីនៅតំបន់សមុទ្រប៉ាស៊ីហ្វិក ក្រោយការវាយបក់លើប្រទេសនីការ៉ាហ្គ័រ។ យ៉ាងហោចណាស់មនុស្ស ១៩នាក់ ត្រូវបានរាយការណ៍ថាបានស្លាប់ដោយសារព្យុះដោយផ្ទាល់ ឬដោយប្រយោល។
ទីភ្នាក់ងារបង្ការគ្រោះមហន្តរាយរបស់ប្រទេសហ្គាតេម៉ាឡា និយាយថា មនុស្ស ៥នាក់បានស្លាប់ បន្ទាប់ពីបាក់ដីភ្នំមកលើលំនៅឋានក្នុងខេត្ត Alta Verapaz ដោយបានកប់ពួកគេ។
អាជ្ញាធរក្នុងប្រទេសអែលសាវ៉ាឌ័រ និយាយថា ទាហានអែលសាវ៉ាឌ័រ ប្រាំនាក់បានស្លាប់ បន្ទាប់ពីជញ្ជាំងផ្ទះបានរលំ ហើយមនុស្សពីរនាក់ផ្សេងទៀតបានស្លាប់នៅក្នុងទីក្រុង Guatajiagua ភាគខាងកើត បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង និង ២នាក់ទៀត បានស្លាប់ក្នុងពេលត្រូវចរន្តទឹកហូរនាំ និងដើមឈើរលំសង្កត់។
ក្នុងពេលទឹកទន្លេបានហូរហៀរច្រាំង ប្រទេសអែលសាវ៉ាឌ័រ បានប្រកាសគ្រាអាសន្ន និងបានបង្កើត ទីជម្រកសុវត្ថិភាពចំនួន 80កន្លែង ។ ប្រទេសហុងឌូរ៉ាស ដែលនៅជិតខាងនោះ ស្ត្រីអាយុ 22 ឆ្នាំម្នាក់បានស្លាប់នៅពេលដែលត្រូវបានទឹកហូរកាត់ ហើយមនុស្ស ៣នាក់ផ្សេងទៀតបានស្លាប់ នៅពេលដែលទូករបស់ពួកគេបានលិច។
ព្យុះ Julia បានបោកបក់លើឆ្នេរសមុទ្រការ៉ាអ៊ីប ភាគកណ្តាលប្រទេសនីការ៉ាហ្គ័រ កាលពីព្រឹកថ្ងៃអាទិត្យជាព្យុះដ៏មានឥទ្ធិពលមានកម្លាំងខ្យល់អតិបរមា140 គីឡូម៉ែត្រក្នុងមួយម៉ោង ។
មជ្ឈមណ្ឌល បាននិយាយថា ទឹកជំនន់ភ្លាមៗ និងបំណាក់ដីដែលគំរាមកំហែងដល់អាយុជីវិតអាចកើតមាននៅទូទាំងអាមេរិកកណ្តាល និងភាគខាងត្បូងប្រទេសម៉ិកស៊ិករហូតដល់ថ្ងៃអង្គារនេះ ដោយព្យុះត្រូវបានគេរំពឹងថា នឹងនាំមកនូវទឹកភ្លៀងធ្លាក់រហូតដល់38 សង់ទីម៉ែត្រ នៅតំបន់ដាច់ស្រយាល។
នៅប្រទេសហ្គាតេម៉ាឡា មនុស្សប្រមាណ 1,300 នាក់បានចាកចេញពីលំនៅឋានរបស់ពួកគេដោយសារតែទឹកជំនន់ និងទឹកហូរខ្លាំង៕