ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១១ តុលា ឆ្នាំ២០២២នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន Delivery Hero (Foodpanda) ដើម្បីបង្កើតនូវក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការចូលរួមក្នុងព្រឹត្តិការណ៍នានា។
ពិធីនេះ បានប្រព្រឹត្តទៅក្រោមវត្តមានជាសាក្សីរបស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្ដម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្រោយចប់ពិធីចុះអនុស្សរណៈនេះ បានមានប្រសាសន៍ថា អនុស្សរណៈនេះមានរយៈពេល ២ឆ្នាំ ក្នុងគោលបំណងបង្កើតកិច្ចសហការគ្នាផ្តល់នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទាំងជំនាញរឹង និងជំនាញទន់ ដើម្បីឲ្យបុគ្គលិក និងអ្នកដឹកជញ្ជូនរបស់ក្រុមហ៊ុនទាំងអស់ ទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទាំងនេះ ហើយក៏ជាការផ្តល់កិច្ចគាំពារបន្ថែមទៅដល់បុគ្គលិក និងអ្នកជញ្ជូនទៅជាសមាជិកបេឡាជាតិសន្តិសុខសង្គមដើម្បីទទួលអត្ថប្រយោជន៍ផ្សេងៗទៀត ខណៈកន្លងមកក្រុមហ៊ុនក៏បានផ្តល់សេវាធានារ៉ាប់រង ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ទៅដល់ផ្នែកអ្នកដឹកជញ្ជូន។
ឯកឧត្ដម ងុយ រិទ្ធ បានឲ្យដឹងទៀតថា តាមរយៈជំនួបនៅមុនពិធីចុះហត្ថលេខានេះ ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង បានសម្តែងការអរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានធ្វើការវិនិយោគនៅកម្ពុជា ហើយជាក់ស្តែងសេវាទាំងអស់របស់ក្រុមហ៊ុន គឺជាសេវាមានប្រសិទ្ធិភាពបំផុតក្នុងការដោះស្រាយបញ្ហា ផ្គត់ផ្គង់ផ្សេងៗទៀត ជាពិសេសក្នុងអំឡុងពេលប្រទេសរងវិបត្តិកូវីដ១៩ ជាពិសេសនៅពេលបិទខ្ទប់ ដែលក្រុមហ៊ុនបានជួយផ្តល់ដំណោះស្រាយជាច្រើនលើការបញ្ជាទិញតាមប្រព័ន្ធអនឡាញ និងដឹកជញ្ជូន ដែលធានាទៅដល់និរន្តភាពនៅក្នុងបញ្ហាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបន្ថែមទៀត។
សូមជម្រាបថា Foodpanda គឺជាយីហោវេទិកាចែកចាយអាហារ និងគ្រឿងទេស ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Delivery Hero ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់។ ក្រុមហ៊ុននេះបានឈានជើងចូលទីផ្សារកម្ពុជា ដោយបានចុះបញ្ជីស្របច្បាប់ជាមួយក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២០១៩។ សកម្មភាពអាជីវកម្មចម្បងរបស់ Foodpanda គឺជាទីផ្សារអនឡាញ និងសេវាកម្មដឹកជញ្ជូន៕ អត្ថបទ៖ ឈិត បូរ៉ាវី