ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha កាលពីថ្ងៃចន្ទ បានបញ្ជាឱ្យទីភ្នាក់ងារអនុវត្តច្បាប់រឹតបន្តឹងច្បាប់កាន់កាប់កាំភ្លើង និងបង្រ្កាបការប្រើប្រាស់គ្រឿងញៀន បន្ទាប់ការសម្លាប់រង្គាលដោយអតីតនគរបាលម្នាក់នៅមជ្ឈមណ្ឌលថែទាំកុមារពេលថ្ងៃ ដែលបានធ្វើឱ្យប្រទេសមានការភ្ញាក់ផ្អើលខ្លាំង។
មនុស្សសរុប ៣៧នាក់ រួមទាំងកុមារ២៤នាក់ ត្រូវបានសម្លាប់ដោយកាំភ្លើងនិងកំបិត កាលពីសប្តាហ៍មុន ដោយអតីតនគរបាល ដែលក្រោយមកបានសម្លាប់ប្រពន្ធ កូនប្រុស និងខ្លួនឯងនៅក្នុងក្រុង Uthai Sawan ជាក្រុងមួយមានចម្ងាយ 500 គីឡូម៉ែត្រភាគឦសានទីក្រុងបាងកក។ វាជាការស្លាប់កុមារច្រើនបំផុតនៅក្នុងការសម្លាប់រង្គាលដោយឃាតករតែម្នាក់ឯងក្នុងប្រវត្តិសាស្ត្រកាលពីពេលថ្មីៗនេះ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកឧត្តមសេនីយ Prayut បានណែនាំអាជ្ញាធរឱ្យស្រាវជ្រាវ និងធ្វើតេស្តយ៉ាងសកម្មចំពោះការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងចំណោមមន្ត្រី និងសហគមន៍ និងបង្កើនការព្យាបាលអ្នកញៀនគ្រឿងញៀន។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាឱ្យមន្ត្រីចុះបញ្ចីរបស់រដ្ឋាភិបាល ដកហូតអាជ្ញាប័ណ្ណកាំភ្លើងរបស់ម្ចាស់កម្មសិទ្ធដែលបានចុះបញ្ជីហើយត្រូវបានគេរាយការណ៍ថា បានប្រព្រឹត្តការគំរាមកំហែងដល់សង្គមនិងបង្កើតភាពចលាចល ឬបង្កភាពវឹកវរ ដោយត្រូវបង្ក្រាបការលក់កាំភ្លើងខុសច្បាប់ ការរត់ពន្ធអាវុធ និងការប្រើប្រាស់អាវុធខុសច្បាប់។
អាជ្ញាធរប្រទេសថៃ មានផែនការប្រមូលកាំភ្លើងមកវិញពីមន្ត្រី និងមន្ត្រីនគរបាលដែលបានប្រើអាវុធខុសគោលដៅ ឬប្រព្រឹត្តយ៉ាងបំពានក្នុងកាតព្វកិច្ច។
កម្មសិទ្ធិនៃការប្រើប្រាស់កាំភ្លើងមានកម្រិតខ្ពស់នៅប្រទេសថៃ បើធៀបនឹងប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍។ អាវុធខុសច្បាប់នាំចូលមកពីប្រទេសដែលហែកហួរដោយជម្លោះគឺជារឿងធម្មតា៕