ភ្នំពេញ ៖ កម្ពុជានាំទំនិញទៅកាន់សហរដ្ឋអាមេរិក បន្តកើនឡើងនៅក្នុងរយៈពេលពីរខែដើមនៅឆ្នាំ២០២១ ទោះបីវិបត្តិកូវីដ-១៩នៅតែបន្ត។
តួលេខពាណិជ្ជកម្មរបស់ ការិយាល័យស្ថិតិអាមេរិក បង្ហាញថា ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជានាំទំនិញចេញទៅកាន់ប្រទេសសេដ្ឋកិច្ចធំបំផុតលើពិភពលោក មានទឹកប្រាក់សរុប ១ ១២០ លានដុល្លារ កើនឡើង ៣,៣ ភាគរយ។ ទន្ទឹមគ្នានេះ ការនាំទំនិញពីសហរដ្ឋអាមេរិក មកកម្ពុជា មានតម្លៃ ៦៧ លានដុល្លារ កើនឡើង ២៦ ភាគរយ។
ទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅកាន់សហរដ្ឋអាមេរិក មានផលិតផលកាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ-កាបូប ចំណែកទំនិញដែលកម្ពុជានាំចូលពីសហរដ្ឋអាមេរិក មានរថយន្ត ចំណីសត្វ និងគ្រឿងចក្រ ។ល។
យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការនាំចេញទំនិញមិនមែនផលិតផលកាត់ដេរ បានកើនឡើង ក្នុងឆ្នាំ២០២០ ខណៈការនាំចេញផលិតផលកាត់ដេរ ធ្លាក់ចុះ។ ទំនិញមិនមែនផលិតផលកាត់ដេរ មានដូចជា កង់ គ្រឿងសង្ហារឹម និងគ្រឿងបង្គុំអេឡិចត្រូនិកជាដើម។
ឆ្នាំ២០២០ ការដោះដូរពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងសហរដ្ឋអាមេរិក មានតម្លៃសរុប ៦ ៩២១ លានដុល្លារ មានកំណើន ១៧,៨ភាគរយ ធៀបនឹងឆ្នាំ២០១៩៕
អត្ថបទ ៖ វណ្ណៈ

