បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយបានអញ្ជេីញចុះចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជិត៦០០គ្រួសារក្នុងស្រុកមង្គលបុរី។
ក្នុងពិធីចុះចែកអំណោយនាថ្ងៃនេះ ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំនូវការផ្តាំផ្ញេីសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះបងប្អូនជនរួមជាតិ ដែលរងគ្រោះដោយទឹកជំនន់ពេលនេះ ហេីយទោះជាទឹកបន្តស្រកទៅវិញជាបណ្តើរក៏សម្តេចទាំងពីរនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះទុក្ខលំបាករបស់បងប្អូនជានិច្ច។
ក្នុងនាមសេនាធិការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លេខាធិការដ្ឋានគ្រប់គ្រោះមហន្តរាយខេត្ត បាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតលើបាតុភាពធម្មជាតិថ្មីនេះទន្ទឹមគ្នានេះ ឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវទៅអាជ្ញាធរ និងកងកម្លាំងទាំង៣ឱ្យត្រៀមលក្ខណៈសម្បត្តិ ២៤ម៉ោង ចេញជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានការលិចធ្ងន់ធ្ងរ។
ជាមួយនឹងការអំពាវនាវទៅកាន់អាជ្ញាធរ ឯកឧត្តម អ៊ុំ រាត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមតំបន់ប្រឈមការជន់លិច ឱ្យត្រៀមលក្ខណៈសម្បត្តិជម្លៀសទៅកាន់ទីទួលសុវត្ថិភាព និងលើកដាក់ទ្រព្យសម្បត្តិទាំងឡាយនៅទីខ្ពស់បញ្ចៀសការលិចលង់។ បន្ថែមលេីសពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់ប្រជាពលរដ្ឋប្រញាប់ទាក់ទងទៅអាជ្ញាធរជាបន្ទាន់នៅពេលផ្ទះសម្បែងខ្លួនរងការគំរាមពីជំនន់ទឹកភ្លៀងជាពិសេសត្រូវប្រយ័ត្នប្រយែងកូនចៅតូចៗមិនឱ្យលេងទឹក អាចប្រឈមនឹងគ្រោះថ្នាក់លង់ទឹក៕ អត្ថបទ៖ សេក ឧត្តម












