អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានអំពាវនាវដល់បណ្ដាមេដឹកនាំប្រទេសដែលមានឧស្សាហកម្មលូតលាស់ទាំង៧ ឬ G7 សម្រាប់លទ្ធភាពការពារដែនអាកាសបន្ថែមទៀត ខណៈក្រុមប្រទេសលទ្ធិប្រជាធិបតេយ្យមានទ្រព្យសម្បត្តិស្ដុកស្ដម្ភបំផុតរបស់ពិភពលោក ប្ដេជ្ញាបន្តគាំទ្រទីក្រុង Kyiv គ្មានការផ្លាស់ប្ដូរ។

ជំនួបតាមប្រព័ន្ធវីដេអូរបស់បណ្ដាមេដឹកនាំទាំងនោះត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីមីស៊ីលបាញ់ស្រោចទៅលើទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែន រួមទាំងរដ្ឋធានី Kyiv លោក Zelenskyy បានឆ្លើយតបដោយការអំពាវនាវដល់បណ្ដាមេដឹកនាំ G7 ឲ្យផ្ដល់ប្រព័ន្ធខែលការពារដែនអាកាស ដើម្បីបញ្ឈប់ការបាញ់ផ្លោងរបស់រុស្ស៊ី។ លោកបាននិយាយក្នុងសន្ទរកថាតាមវីដេអូ ខណៈព្រមានថា ប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅតែមានឱកាសសម្រាប់ការពង្រីកសង្គ្រាម ខ្ញុំកំពុងស្នើដល់អ្នកគ្រប់គ្នាឲ្យពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជួយផ្នែកហិរញ្ញវត្ថុក្នុងការបង្កើតប្រព័ន្ធខែលការពារដែនអាកាសសម្រាប់ប្រទេសអ៊ុយក្រែន។ មនុស្សរាប់លាននាក់នឹងដឹងគុណជំនួយរបស់ប្រទេសទាំង៧។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមដែលបានបញ្ចេញនៅពេលចប់កិច្ចប្រជុំនេះ បណ្ដាប្រទេស G7 មាន សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង ជប៉ុន ចក្រភពអង់គ្លេស អ៊ីតាលី និងកាណាដាបានសន្យាបន្តផ្ដល់ជំនួយផ្នែកហិរញ្ញវត្ថុ ជំនួយមនុស្សធម៌ យោធា ការទូត និងការគាំទ្រខាងផ្លូវច្បាប់ចំពោះអ៊ុយក្រែន ដរាបណាសង្គ្រាមប្រឆាំងរុស្ស៊ីនៅតែបន្ត៕
អត្ថបទ៖ សុខមាន