ស៊ីហ្គេម៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កាលពីថ្ងៃទី១១ ខែតុលាបានដឹកនាំកិច្ចប្រជុំគណៈអចិន្ដ្រៃយ៍ត្រួតពិនិត្យការរៀបចំ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ទាំងក្នុង និងក្រៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលត្រូវជំរុញការរៀបចំឲ្យបានរួចរាល់ ១០០ថ្ងៃមុនពិធីបើកការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២២។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា កិច្ចប្រជុំនេះផ្ដោតលើ ២ចំណុចសំខាន់ៗ ទី១-ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធខាងក្រៅ ពិសេសផ្លូវធ្វើដំណើរសម្រាប់ប្រតិភូកីឡា និងទី២-ផ្ដោតលើការសាងសង់ភូមិកីឡា ដែលត្រូវសាងសង់ឲ្យបានរួចរាល់តាមការកំណត់ក្នុងចំនួននេះ ដែលអាចផ្ទុកប្រតិភូ និងកីឡាករ-កីឡាការិនីជាង ៤ពាន់នាក់ក្នុង ១ថ្ងៃ។ រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបានបន្ថែមថា ពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងភូមិកីឡាមកទល់ពេលនេះកំពុងដំណើរការយ៉ាងរលូន ក្រោមការយកចិត្តទុកដាក់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ក៏ដូចជាឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន ជាក់ស្ដែងភូមិកីឡា ក្រុមហ៊ុនសាងសង់បានអះអាងជាថ្មីនឹងបិទការដ្ឋានសាងសង់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ដើម្បីប្រគល់ឲ្យគណៈកម្មការរៀបចំ ខណៈផ្លូវសម្រាប់បម្រើឲ្យប្រតិភូចូលរួមប្រកួតស៊ីហ្គេមក៏សាងសង់រួចរាល់ច្រើនដែរ។
គួរដឹងថា ស៊ីហ្គេមលើកទី៣២ នៅកម្ពុជានឹងប្រព្រឹត្តទៅពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ មុនបន្ដរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ដែលពិធីបើក-បិទ ក៏ដូចជាការប្រកួតកីឡាភាគច្រើន នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ៕
អត្ថបទ៖ លី ឈុនឡា