ល្បុក្កតោ៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុបចំនួន ៣៣នាក់ ដើម្បីទៅបង្ហាត់កីឡាគុនល្បុក្កតោ និងហ្វឹកហាត់កីឡាបញ្ចសិលានៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១២ ខែតុលារហូតដល់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាទើបត្រឡប់មកវិញ។
មុនចាកចេញពីមាតុភូមិកាលពីថ្ងៃទី១១ ខែតុលាម្សិលមិញ ថ្នាក់ដឹកនាំសហព័ន្ធក៏បានជួបសំណេះវសំណាល និងជូនដំណើរផង ដែលធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សមាជិករដ្ឋសភាជាតិ និងជាប្រធានសហព័ន្ធ, ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអនុប្រធានសហព័ន្ធ រួមទាំងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធ និងព្រឹទ្ធាចារ្យគុនល្បុក្កតោផ្សេងទៀត។ លោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធ បានឲ្យដឹងថា បេសកកម្មរបស់ក្រុមកីឡាគុនល្បុក្កតោនេះដឹកនាំដោយប្រតិភូ ១រូប ហើយមានគ្រូបង្វឹក ២រូបត្រូវទៅបង្ហាត់គុនល្បុក្កតោដល់កីឡាករ-កីឡាការិនីឥណ្ឌូនេស៊ី។ រីឯគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ៣០នាក់ទៀតត្រូវទៅហ្វឹកហាត់កីឡាបញ្ចសិលា ដែលបង្ហាត់ដោយក្រុមគ្រូបង្វឹកឥណ្ឌូនេស៊ី។ ការផ្លាស់ប្ដូរនូវការហ្វឹកហាត់នៃការកីឡាក្បាច់គុនបុរាណរវាងប្រទេសទាំងពីរ ធ្វើឡើងក្រោយមានការចុះអនុស្សារណយោគយល់គ្នារវាងឯកឧត្តម វ៉ាត់ ចំរើន និងឯកឧត្តម ប្រាប៊ូវ៉ូ ស៊ូប៊ីយ៉ានតូ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី និងជាប្រធានសហព័ន្ធកីឡាបញ្ចសិលាអន្តរជាតិ ដោយមានការគាំទ្រពេញទំហឹងពីប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីខែមិថុនាកន្លងទៅ។
ទន្ទឹមជាមួយគ្នា គ្រូបង្វឹកក៏ដូចជាកីឡាករ-កីឡាការិនីដែលបានចេញទៅបោះជុំរុំហ្វឹកហាត់ត្រៀមស៊ីហ្គេមនេះ បានសម្ដែងនូវសេចក្ដីរីករាយ និងត្រៀមខ្លួនជាស្រេច ដើម្បីហ្វឹកហាត់នូវប្រភេទកីឡាបញ្ចសិលា ដោយពួកគេយល់ថា មិនសូវមានឧបសគ្គសម្រាប់ខ្លួនដែលមានមូលដ្ឋានគុនល្បុក្កតោស្រាប់នោះទេ ព្រោះក្បាច់គុនអាចប្រហាក់ប្រហែលគ្នា គ្រាន់តែអាស្រ័យលើឆន្ទៈ និងការខំប្រឹងប្រែងប៉ុណ្ណោះ។ ក្នុងឱកាសជួបសំណេះសំណាលដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានក្រើនរំឮកដល់ប្រតិភូ គ្រូបង្វឹក ពិសេសកីឡាករ-កីឡាការិនីត្រូវប្រកាន់ភ្ជាប់ឲ្យបាននូវវិន័យ ក្រមសីលធម៌ និងសាមគ្គីភាពក្រុម ហើយក៏ត្រូវថែរក្សាសុខភាពផងដែរ ដើម្បីធានាបាននូវការហ្វឹកហាត់ប្រកបដោយគុណផល សម្រាប់យកមកប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ ឆ្លៀតឱកាសនោះ ឯកឧត្តមក៏បានឧបត្ថម្ភប្រាក់ហោប៉ាវក្នុងម្នាក់ៗចំនួន ៤០ម៉ឺនរៀលផងដែរ៕
អត្ថបទ៖ លី ឈុនឡា