រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានជួបពិភាក្សាជាមួយប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) លោក Rafael Grossi ក្នុងទីក្រុង St. Petersburg កាលពីថ្ងៃអង្គារ។ លោក Putin បានស្វាគមន៍ប្រធានទីភ្នាក់ងារ IAEA និងបាននិយាយថា យើងបើកចំហចំពោះការសន្ទនា ហើយរីករាយដែលបានជួបលោក Grossi។

លោក Grossi និយាយថា លោកទន្ទឹងរង់ចាំពិភាក្សាអំពីបញ្ហាសុវត្ថិភាពនុយក្លេអ៊ែរ រួមទាំងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia។ ជំនួបរវាងអគ្គនាយកទីភ្នាក់ងារ IAEA ជាមួយប្រធានាធិបតីរុស្ស៊ី ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីភ្នាក់ងារ IAEA ក្នុងការទប់ស្កាត់គ្រោះថ្នាក់នុយក្លេអ៊ែរ ក្នុងអំឡុងពេលជម្លោះយោធានាពេលបច្ចុប្បន្ននៅប្រទេសអ៊ុយក្រែន ដោយបានបញ្ជាក់លើតម្រូវការបន្ទាន់ដើម្បីបង្កើតតំបន់ការពារសុវត្ថិភាព និងសន្តិសុខនៅជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhya។ កាលពីសប្តាហ៍មុនលោក Grossi បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងទីក្រុង Kyiv ហើយពួកគេនឹងជួបគ្នាម្តងទៀតនៅទីនោះនៅចុងសប្តាហ៍នេះ បន្ទាប់ពីកិច្ចពិភាក្សាជាមួយលោកប្រធានាធិបតី Putin។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ អគ្គនាយកទីភ្នាក់ងារលោក Grossi បានចូលរួមក្នុងការពិភាក្សាដ៏តានតឹងជាមួយទាំងអ៊ុយក្រែន និងសហព័ន្ធរុស្ស៊ី ដើម្បីឲ្យមានកិច្ចព្រមព្រៀង និងអនុវត្តតំបន់ការពារឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយមើលឃើញពីការបាញ់ផ្លោងនៅទីនោះ ឬនៅក្បែររោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប។ លោក Grossi និយាយថា ស្ថានភាពនៅក្នុងតំបន់ជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhya និងទីកន្លែងផ្សេងទៀតមានគ្រោះថ្នាក់កាន់តែខ្លាំងឡើង ជួបបញ្ហាប្រឈមកាន់តែខ្លាំងដោយការវាយប្រហាររបស់យោធាញឹកញាប់ ដែលអាចគំរាមកំហែងដល់សុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរ៕
អត្ថបទ៖ ប៊ុនថន