សហរដ្ឋអាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម ក្រុមហ៊ុនត្បូងគ្រប់គ្រងដោយរដ្ឋាភិបាលយោធាសហភាពមីយ៉ាន់ម៉ា ដើម្បីរារាំងលទ្ធភាពរបស់យោធាក្នុងការរកប្រាក់ចំណូល។

វិធានការនេះគឺជាទណ្ឌកម្មចុងក្រោយគេ បង្កើតឡើងដោយរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន មានគោលដៅលើក្រុមឧត្តមសេនីយ៍ ដែលបានរឹបអូសអំណាចនៅសហភាពមីយ៉ាន់ម៉ាកាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅ និងបានសម្លាប់មនុស្សជាង ៦០០នាក់អំឡុងបាតុកម្មប្រឆាំងរដ្ឋប្រហារ។ វិធានការថ្ងៃនេះបានបង្ហាញយ៉ាងច្បាស់ ពីការប្ដេជ្ញាចិត្តរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ក្នុងការកាត់ផ្ដាច់ប្រភពមូលនិធិរបស់យោធាមីយ៉ាន់ម៉ា ដែលបានមកពីក្រុមហ៊ុនសំខាន់ៗរបស់រដ្ឋនៅទូទាំងប្រទេស។ សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត បានដាក់ទណ្ឌកម្មរួចហើយទៅលើក្រុមឧត្តមសេនីយ៍ ដែលពាក់ព័ន្ធនឹងរដ្ឋប្រហារ និងក្រុមគ្រួសាររបស់ពួកគេ ក៏ដូចជាក្រុមហ៊ុនធំៗចំនួន២ ដែលគ្រប់គ្រងដោយយោធា។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះមេដឹកនាំរបបយោធា នៅតែបដិសេធន៍មិនផ្លាស់ប្ដូររបត់នយោបាយ របស់ពួកគេដដែល។ ក្រុមហ៊ុនត្បូងសហភាពមីយ៉ាន់ម៉ា ដែលជាផ្នែកមួយនៃក្រុមហ៊ុនរ៉ែក្នុងប្រទេសមួយនេះ ស្ថិតនៅក្នុងបញ្ជីខ្មៅរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក។ វិធានការនេះដែរ នឹងរារាំងពលរដ្ឋអាមេរិកពីការធ្វើមុខជំនួញជាមួយក្រុមហ៊ុនទាំងនេះ។ សូមបញ្ជាក់ថា សហភាពមីយ៉ាន់ម៉ាគឺជាប្រភពត្បូងថ្មដ៏សំខាន់របស់ពិភពលោក គឺជាត្បូងដែលគេត្រូវការខ្លាំងនៅក្នុងប្រទេសចិន ក៏ដូចជាត្បូងទទឹម និងត្បូងកម្រៗជាច្រើនទៀត៕
អត្ថបទ៖ សារ៉ាត់