ភ្នំពេញ៖ ការជជែកដេញដោលយុវជនអាស៊ាន បានឈានដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២នេះ។ វគ្គផ្ដាច់ព្រ័ត្រនេះ ជាការប្រកួតរវាងក្រុមមកពីប្រទេសម៉ាឡេស៊ី និងក្រុមកម្ពុជា លើប្រធានបទ “ This house believes that increasing foreign direct investment would ultimately solve the problem of nutrient deficiency”។
ព្រឹត្តិការណ៍ប្រកួតវគ្គផ្ដាច់ព្រ័តនេះ គឺរៀបចំនៅសាលមជ្ឈមណ្ឌលម៉ានីនៃអាគារ Kampus រាជធានីភ្នំពេញ។
ការជជែកដេញដោលយុវជនអាស៊ានឆ្នាំ ២០២២ ដែលរៀបចំឡើងតាំងពីសប្ដាហ៍ទី ១ ខែ ឧសភា បានឈានមកដល់វគ្គផ្ដាច់ព្រ័តនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២២។ វគ្គផ្ដាច់ព្រ័តនេះ គឺជាការជួបគ្នារវាង យុវជនមកពីប្រទេសម៉ាឡេស៊ី ជាក្រុមស្រប និងយុវជនកម្ពុជា ជាក្រុមបដិសេធ។
វគ្គផ្ដាច់ព្រ័តនេះ ធ្វើឡើងក្រោមប្រធានបទ “ This house believes that increasing foreign direct investment would ultimately solve the problem of nutrient deficiency”។ ប្រធានបទនេះមានន័យជាភាសាខ្មែរ «ដោយជឿជាក់ថា ការបង្កើនការវិនិយោគផ្ទាល់ពីបរទេស នឹងចូលរួមដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ»។
វគ្គផ្ដាច់ព្រ័ត ត្រូវបានរៀបចំដោយផ្ទាល់នៅ The Many Centre នៃអាគារKampus រាជធានីភ្នំពេញ ខណៈវគ្គជម្រុះកន្លងមក រៀបចំឡើងតាមប្រព័ន្ធអនឡាញ តែប៉ុណ្ណោះ។

ព្រឹត្តិការណ៍ដ៏សំខាន់នេះ រៀបចំឡើងក្រោមវត្តមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ វគ្គផ្ដាច់ព្រ័តនេះ ជាព្រឹត្តិការណ៍ដែលមានមានភាពស្វិតស្វាញជាខ្លាំង ព្រោះក្រុមទាំងពីរសុទ្ធតែជាជើងខ្លាំង ឆ្លងកាត់ការជម្រុះជាច្រើនទើបឈានដល់វគ្គផ្ដាច់ព្រ័តនេះ។ ក្នុងការប្រកួតនេះ គឺកំណត់ពេលវេលាជាក់លាក់ ដោយកំណត់រយ:ពេល ១ម៉ោងនិង ២០នាទី សម្រាប់គ្រប់សកម្មភាព ទាំងការលើកឡើងគំនិត អំណះអំណាង ការចោទសំណួរ ការឆ្លើយតប។ សម្រាប់ក្រុមទាំងពីរ ក្នុងការប្រកួតនេះ គឺពោពេញដោយថាមពល ពោពេញដោយសមត្ថភាព ដោយក្រុមទាំងពីរបានធ្វើការសិក្សាស្រាវជ្រាវ និងមានអំណះអំណាងរៀងខ្លួន ដើម្បីគាំទ្រនូវអ្វីដែលក្រុមពួកគេបានលើកឡើង។
ចំពោះគណ:មេប្រយោគវិញ គឺសុទ្ធតែជំនាញ មានទាំងជនបរទេស និងកម្ពុជា ដែលពួកគាត់ជាអ្នកជំនាញលើវិស័យ សុខភាព និងសេដ្ឋកិច្ច មកពីស្ថាប័នផ្សេងៗគ្នា។
ចំពោះលទ្ធផលនៃការប្រកួតនេះ ពុំទាន់ត្រូវបានប្រកាសភ្លាមៗនោះទេ។ លទ្ធផលនឹងត្រូវប្រកាស ថ្ងៃទី ១៣ ខែតុលាឆ្នាំ ២០២២ ស្អែកនេះ។

ក្រោយបញ្ចប់ការ ប្រកួតឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ ក៏បានអបអរសាទរចំពោះក្រុមទាំងពីរផងដែរ។ ឯកឧត្តមលើកឡើងថា ក្រុមទាំងពីរពិតជាមានសមត្ថភាពទាំងការស្រាវជ្រាវស្វែងរកទិន្នន័យ និងសមត្ថភាពនិយាយជាសាធារណ:។ ឯកឧត្តមបន្តថា នេះជាការផ្ដល់វេទិកាអោយយុវជន ចូលរួមក្នុងការដោះស្រាយបញ្ហា ព្រោះយុវជនជាអ្នកដឹកនាំបន្តវេន ហេតុដូចនេះសម្លេងរបស់យុវជនគឺមានសារ:សំខាន់ជាខ្លាំង។ ឯកឧត្តមក៏បានបញ្ជាក់ដែរថា ការជជែកដេញដោលនេះ គឺលើសពីការប្រកួតប្រជែង តែវាជាការភ្ជាប់ទំនាក់ទំនង។ កម្មវិធីជជែកដេញដោលយុវជនអាស៊ានឆ្នាំ ២០២២នេះរៀបចំឡើងក្នុងគោលបំណងសំខាន់មួយចំនួន ក្នុងនោះរួមមាន លើកកម្ពស់ការយល់ដឹងរបស់យុវជនទាក់ទងនឹង គុណតម្លៃអាស៊ាន បញ្ហាប្រឈម និង ឱកាស ហើយផ្តល់វេទិកាជូនដល់យុវជនក្នុងការបញ្ចេញមតិពីក្តីកង្វល់ និង ដំណោះស្រាយ។ លើសពីនេះ គឺដើម្បីបណ្តុះអ្នកដឹកនាំវ័យក្មេងក្នុងអាស៊ាន តាមរយៈ ការរៀនសូត្រ និង អភិវឌ្ឍជំនាញនិយាយជាសាធារណៈ ការត្រិះរិះពិចារណា ផ្លាស់ប្តូរទស្សនៈ និងចំណេះដឹងទៅវិញទៅមក និងលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនង រវាងយុវជន និងយុវជន ហើយកសាងទំនាក់ទំនងយ៉ាងរឹងមាំ ជាមួយវិស័យសាធារណៈ វិស័យឯកជន និងប្រជាពលរដ្ឋ និងធ្វើការផ្លាស់ប្តូរដំណើរការនៃការរៀបចំគោលនយោបាយដោយបញ្ចូលនូវក្តីកង្វល់ ផ្តល់ធាតុចូល របស់យុវជន និងដំណោះស្រាយ ពង្រឹងស្មារតីអាស៊ាន ដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវទស្សនៈវិស័យរបស់អាស៊ាន៕ (ដោយ៖ គឹមហុក)




