កំពង់ឆ្នាំង៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានជំរុញអោយលោក លោកស្រីជាមេឃុំចៅសង្កាត់ទាំង៧១ ត្រូវយកចិត្តទុកដាក់ស្រង់ស្ថិតិកុមារទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួនដែលមិនទាន់បានចូលរៀន ដោយសារតែឪពុកម្តាយធ្វើការនៅរោងចក្រ ធ្វើការនៅភ្នំពេញ ឬធ្វើការនៅក្រៅប្រទេស អោយឯកឧត្តមបានដឹងក្នុងរយៈពេល១សប្តាហ៍ទៀត។ ឯកឧត្តមបានថ្លែងបែបនេះ នៅក្នុងពិធីប្រកាសលោក ឈួន ចាន់ណា អភិបាលរងស្រុក ឡើងកាន់តំណែងអភិបាលស្រុកសាមគ្គីមានជ័យ ហើយលោក វន ស៊ីផា អតីតអភិបាលស្រុកសាមគ្គីមានជ័យ ផ្ទេរទៅកាន់ជាអភិបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ ដោយសារនៅក្នុងពេលថ្មីៗកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអោយគ្រប់មូលដ្ឋាននៅទូទាំងប្រទេស យកចិត្តទុកដាក់ចំពោះកុមារតូចៗដែលពុំបានចូលរៀន ដោយសារតែឪពុកម្តាយបានចំណាកស្រុកទៅធ្វើការនៅតាមរោងចក្រ ធ្វើការងារនៅភ្នំពេញ ឬក៏ធ្វើការនៅប្រទេសក្រៅ ហើយបានផ្ញើកូនតូចៗអោយរស់នៅជាមួយម្តាយឪពុកចាស់ៗ ឬផ្ញើរនឹងបងប្អូនជាដើម អោយពួកគេបានចូលរៀនទាំងអស់គ្នាវិញ។ ដូចនេះនៅក្នុងខេត្តកំពង់ឆ្នាំង សូមអោយអាជ្ញាធរឃុំសង្កាត់ទាំង៧១ឃុំសង្កាត់ យកចិត្តទុកដាក់ចាត់ចែងស្រង់ឈ្មោះកុមារទាំងអស់ដែលមិនបានចូលរៀនដោយសារមូលហេតុដូចខាងលើ មកអោយឯកឧត្តមយ៉ាងឆាប់តាមរយៈអភិបាលស្រុកក្រុង និងសហការជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្តក្នុងរយៈពេល១សប្តាហ៍ទៀត។
សូមបញ្ជាក់ជូនថា កុមារតូចៗនៅតាមមូលដ្ឋានដែលមានឪពុកម្តាយបានទៅធ្វើការងារនៅតាមរោងចក្រ ទៅធ្វើការនៅទីក្រុងភ្នំពេញ ឬទៅធ្វើការនៅក្រៅប្រទេស មានមួយចំនួនបានចូលរៀនជាធម្មតា រីឯមួយចំនួនទៀតមិនបានចូលរៀននោះឡើយ ដែលករណីនេះ ធ្វើអោយកុមារទាំងអស់នោះក្លាយជាមនុស្សមិនចេះអក្សរ មិនអាចធ្វើអ្វីបាននោះឡើយ។ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសក្នុងពិធីប្រគល់សញ្ញាប័ត្រជូននិសិត្សនៅសកលវិទ្យាល័យភ្នំពេញអន្តរជាតិ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ រួចភ្លាម ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញនូវវិធានការស្រង់ស្ថិតិនៅថ្ងៃនេះ ដោយអោយអាជ្ញាធរមូលដ្ឋាន ស្រង់ឈ្មោះកុមារដែលជាកូនៗរបស់ប្រជាពលរដ្ឋដែលពួកគាត់ធ្វើសំណង់ ទាំងប្តីទាំងប្រពន្ធ ដូច្នេះត្រូវរកសាលារៀនដែលនៅក្បែរៗការដ្ឋានសំណង់នោះអោយកុមារបានទទួលការអប់រំផង។ ហុង វាស្នា








