ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងផែនការ បានប្រកាសផ្សព្វផ្សាយ ដាក់អោយប្រើប្រាស់នីតិវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រថ្មី និងការពង្រីកវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយរងហានិភ័យ ដែលរាជរដ្ឋាភិបាលនឹងត្រូវបន្តផ្តល់ប្រាក់ឧបត្ថម្ភ ឬបណ្ណសមធម៌ជូនដល់ពួកគាត់ ខណៈអត្តសញ្ញាណកម្មជន ក្រីក្រទាំងនោះត្រូវបានពិនិត្យយ៉ាងម៉ត់ចត់ជាមួយដៃគូជាម្ចាស់ជំនួយ។
នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ ដាក់អោយប្រើប្រាស់នីតិវិធីកំណត់អត្តសញ្ញាណគ្រួសារក្រីក្រថ្មី និងការពង្រីកវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយរងហានិភ័យ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ ដែលមានប្រទេស និងដៃគូជាម្ចាស់ជំនួយចូលរួមផងនោះឯកឧត្តម ឆាយ ថន បានលើកឡើងថា នាពេល បច្ចុប្បន្នប្រទេសកម្ពុជាមានគ្រួសារក្រីក្រប្រមាណ ៧សែនគ្រួសារ ប្រហែល ២,៨លាននាក់ ហើយពួកគាត់ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ប្រាប់ឧបត្ថម្ភជាប្រចាំ ដោយរាជរដ្ឋាភិបាលមិនបណ្តែតបណ្តោយឲ្យពួកគាត់ ក្ររហូតដល់ធ្លាក់ខ្លួនដុនដាបនោះឡើយ។
បើតាមឯកឧត្តម ឆាយ ថន បានបញ្ជាក់បន្ថែមទៀតថា ការប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នូវនីតិវិធីថ្មី ស្តីពីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការពង្រីកវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយរងហានិភ័យនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ដោយត្រូវបានកំណត់អត្តសញ្ញាណជនក្រីក្រពិតប្រាដកតាម រយៈប្រព័ន្ធបញ្ចេកវិទ្យាទំនើប និងច្បាស់លាស់ដោយមានការចូលរួមត្រួតពិនិត្យពីសំណាក់ប្រទេស និងដៃគូជាម្ចាស់ជំនួយដែរនោះ៕ អត្ថបទ៖ បាន ចក់