បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តចុះតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋដែលស្រូវខូចខាតដោយសារទឹកជំនន់ ដើម្បីពិនិត្យនិងផ្តល់ពូជស្រូវសម្រាប់ស្តារឡើងវិញ។
តបតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការសិក្សាផ្តល់ពូជស្រូវដែលខូចខាតដោយទឹកជំនន់ នៅថ្ងៃទី១២ខែតុលា ឆ្នាំ២០២២លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ រួមជាមួយអាជ្ញាធរភូមិ-សង្កាត់ បានចុះតាមខ្នងរបស់ប្រជាកសិករ ដែលមានស្រូវខូចខាតទាំងស្រុងធ្វើជារបាយការណ៍ ដើម្បីពិនិត្យស្នើសុំពូជស្រូវពីរាជរដ្ឋាភិបាល ដើម្បផ្តល់ជូនកសិករក្នុងបង្កបង្កើនផលឡើងវិញ ខណៈក្រុងសិរីសោភ័ណមានស្រូវខូចខាតត្រូវស្តារឡើងវិញ ប្រមាណ២ពាន់ហិកតា។
ប្រជាកសិករ ដែលស្នើសុំពូជស្រូវបានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់អំពីការលំបាកក្នុងពេលទឹកជំនន់ ដើម្បីមានលទ្ធភាពអាចស្តារជីវភាពរបស់ពួកគាត់។
បើតាមរបាយការណ៍ជំហានដំបូងអំពីការគ្រោងផ្តល់ពូជស្រូវសម្រាប់ស្តារក្នុងខេត្តបន្ទាយមានជ័យ មានទំហំជាង៥ពាន់ហិកតា ស្មើនឹងជាង៤ពាន់គ្រួសារ ក្នុងក្រុងនិងស្រុកចំនួន ៤ គឺក្រុងសិរីសោភ័ណ ស្រុកមង្គលបុរី ស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក៕ អត្ថបទ សេក ឧត្តម