ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត លើរបៀបវារៈសំខាន់ៗចំនួន៣ បន្ថែមទៀត ដើម្បីផ្តល់ធាតុចូលសំខាន់ៗលើឯកសារទាំងនេះ ដើម្បីធានាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងសមស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។
យោងតាមក្រសួងពាណិជ្ជកម្ម របៀបវារៈសំខាន់ៗចំនួន៣រួមមាន៖ ១.សេចក្តីព្រាងផែនការសកម្មភាពរបស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ឆ្នាំ២០២២-២០២៧ ២.) សេចក្តីព្រាងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការត្រួតពិនិត្យនិងការស៊ើបអង្កេត ក្រោមច្បាប់ស្តីពីការប្រកួតប្រជែងនិង៣.សេចក្តីព្រាងប្រកាសស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការដោះស្រាយតាមការចរចាចំពោះបទល្មើស ក្រោមច្បាប់ស្តីពីការប្រកួតប្រជែង។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា សមិទ្ធផលសំខាន់ៗក្រោមកិច្ចប្រឹងប្រែងរួមគ្នាជាមួយនឹង អគ្គនាយកដ្ឋាន ក.ប.ប. គឺបានសម្រេចជាផ្លែផ្កាជាច្រើននិងល្អប្រសើរ ជាពិសេសការដាក់សម្ពោធឱ្យចាប់ផ្តើមនូវការចរចាសម្រាប់កិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីការប្រកួតប្រជែង (AFAC – ASEAN Framework Agreement on Competition Negotiation) ដែលកិច្ចព្រមព្រៀងនេះ នឹងក្លាយជាកិច្ចព្រមព្រៀងថ្នាក់តំបន់ ក្នុងការជួយសម្រួលដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការសម្របសម្រួលលើគោលនយោបាយនិងច្បាប់ស្តីពីការប្រកួតប្រជែង ក្នុងចំណោមសមាជិកអាស៊ានទាំងអស់ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤។
អង្គប្រជុំបានឯកភាពជារួមលើខ្លឹមសារនៃឯកសារទាំង៣នេះ ព្រមទាំងឯកភាពក្នុងការទទួលធាតុចូលបន្ថែមលើឯកសារទាំងនេះ ពីសមាជិកទាំងអស់ ត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ តាមរយៈការបញ្ជូនធាតុចូលទាំងនោះមក លេខាធិការដ្ឋាន ក្នុងការសម្របសម្រួលនិងកែសម្រួល ដើម្បីដាក់ជូន ឯកឧត្តមប្រធាន គ.ប.ក. ចុះហត្ថលេខា៕អត្ថបទ៖ឈិត បូរ៉ាវី