បាល់ទាត់៖ អ្នកចាត់ការក្រុមសេះបង្កង់ Juventus លោក Massimiliano Allegri កាន់តែស្ថិតក្នុងសំពាធបន្ទាប់ពីបរាជ័យនៅទឹកដីអ៊ីស្រាអែល Maccabi Haifa ២-០ កាន់តែកៀកមិនអាចបន្តឡើងវគ្គ ១៦ក្រុមចុងក្រោយ។

ពីរគ្រាប់ក្នុងវគ្គទី១ ដោយ Omer Atzili គ្រប់គ្រាន់សំរាប់ Maccabi Haifa យកបីពិន្ទុក្នុងទឹកដីរបស់ខ្លួន និងជាជ័យជំនះដំបូង ហើយក៏ជាពិន្ទុដំបូងក្នុងពូល H នេះដែរក្រោយចាញ់ ៣ប្រកួតផ្ទួនៗ។ ចំណែក Juventus ៤ប្រកួតកន្លងមកស្គាល់ជ័យជំនះតែ ១ប្រកួតគត់គឺឈ្នះ Maccabi Haifa នេះឯងនៅទឹកដីអ៊ីតាលី ៣-១ សប្តាហ៍មុន។ បរាជ័យនេះធ្វើឱ្យ Juventus ឈរលេខ៣ មានតែ ៣ពិន្ទុប៉ុណ្ណោះ។ មួយគូទៀតក្នុងពូលនេះដែរ Benfica បានទប់ស្មើនៅទឹកដី Paris Saint Germain ១-១។
ជ័យជំនះអាចធ្វើឱ្យ PSG ធានាបានកៅអីនៅវគ្គ ១៦ក្រុមចុងក្រោយខណៈ Kylian Mbappe គឺជាអ្នកបើកការនាំមុខ ១-០ មុនដោយបាល់ពិន័យ ១១ម៉ែត្រនៅនាទីទី៣៩។ យ៉ាងណាក្តីក្រុមភ្ញៀវព័រទុយហ្កាល់ Benfica ក៏តាមស្មើវិញដោយបាល់ពិន័យ ១១ម៉ែត្រដូចគ្នានៅវគ្គទី២ ដោយ Joao Mario។ លទ្ធផលនេះធ្វើឱ្យក្រុមទាំងពីរមាន ៨ពិន្ទុដូចគ្នា និងចំណេញគ្រាប់បាល់ ៣គ្រាប់ដូចគ្នា៕
អត្ថបទ៖នាង សុភាវុធ