មីយ៉ាន់ម៉ា៖ ប្រភពមួយដែលដឹងច្បាស់អំពីបញ្ហាបាននិយាយថា តុលាការសហភាពមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធានៅថ្ងៃពុធនេះ បានកាត់ទោសមេដឹកនាំដែលត្រូវបានទម្លាក់ពីតំណែងលោកស្រី Aung San Suu Kyi ឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំបន្ថែមទៀតដោយចោទប្រកាន់ពីបទពុករលួយ។
លោកស្រី Suu Kyi អាយុ ៧៧ឆ្នាំជាមេដឹកនាំប្រឆាំងរបបយោធា ប្រឈមមុខនឹងការចោទប្រកាន់យ៉ាងហោចណាស់ ១៨ករណី មានចាប់ពីអំពើពុករលួយរហូតដល់ការរំលោភលើការបោះឆ្នោត ដែលមានរយៈពេលជាប់ទោសអតិបរមារួមបញ្ចូលគ្នាជិត ១៩០ឆ្នាំ។ លោកស្រី Aung San Suu Kyi បានចាត់ទុកការចោទប្រកាន់មកលើលោកស្រីថា មិនសមហេតុផល និងបានបដិសេធរាល់ការប្រព្រឹត្តខុស។ លោកស្រីកំពុងត្រូវបានឃុំខ្លួនក្នុងរដ្ឋធានី Naypyitaw។ ប្រភពព័ត៌មានបាននិយាយថា ការចោទប្រកាន់ចុងក្រោយលើលោកស្រី Aung San Suu Kyi គឺទាក់ទងទៅនឹងការទទួលយកសំណូកពីពាណិជ្ជករម្នាក់។
លោកស្រី Suu Kyi ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំលើបទចោទប្រកាន់ចំនួន ២ ដើម្បីអនុវត្តទោសក្នុងពេលដំណាលគ្នា។ ក្រុមប្រឆាំងយោធានិយាយថា ការចោទប្រកាន់លើលោកស្រី Suu Kyi មានគោលបំណងរារាំងលោកស្រីមិនឲ្យចូលរួមក្នុងឆាកនយោបាយជាថ្មីម្តងទៀត ឬព្យាយាមប្រឆាំងការកាន់កាប់អំណាចរបស់យោធាចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំមុន។ របបសឹកមីយ៉ាន់ម៉ាទទូចថា តុលាការមីយ៉ាន់ម៉ាគឺឯករាជ្យ ហើយអ្នកទាំងឡាយណាដែលត្រូវបានចាប់ខ្លួនកំពុងទទួលបានដំណើរការត្រឹមត្រូវ៕
អត្ថបទ៖ ប៊ុនថន