បាល់ទាត់៖ ក្រុមហង្សក្រហម Liverpool កំពុងប្រឈមការលំបាកខ្លាំងក្នុងស្ថានភាពក្រុមដែលកំពុងដុនដាបរដូវកាលនេះ ស្របពេលដែលនៅពេលនេះខ្សែការពារ ២រូបទៀតមានរបួសត្រូវអវត្តមាន ៣សប្តាហ៍។ ខ្សែការពារស្លាបស្តាំអង់គ្លេស Trent Alexander-Arnold និងខ្សែការពារកណ្តាល Joel Matip សុទ្ធតែមានរបួសកជើង និងកំភួនជើងដែលទទួលរងអំឡុងការប្រកួតចាញ់នៅទឹកដី Arsenal កាលពីថ្ងៃអាទិត្យ។

មុននេះដែរ Liverpool ទើបតែប្រកាសពីការអវត្តមានខ្សែប្រយុទ្ធស្លាប Luis Diaz រហូតដល់ខែធ្នូដោយសាររបួសជង្គង់ពេលជួប Arsenal ដូចគ្នា។ ក្រៅពីបីនាក់ខាងលើ Liverpool ក៏មានកីឡាករមួយចំនួនទៀតស្ថិតក្នុងបញ្ជីរបួសផងដែររួមមានខ្សែបម្រើ Arthur Melo ដែលខ្ចីពី Juventus, ខ្សែបម្រើអង់គ្លេស Alex Oxlade-Chamberlain និង Naby Keita មានរបួសភ្លៅ ស្របពេលដែលខ្សែការពារស្កុតឡេន Andrew Robertson កំពុងមានរបួសជង្គង់។
Liverpool កំពុងឈរលេខ ១០ ក្នុងតារាងនៅ Premier League តាមពីក្រោយក្រុមកំពូលតារាង ១៤ពិន្ទុ ពោលគឺឈ្នះតែ ២ប្រកួតប៉ុណ្ណោះក្នុងចំណោម ៨ប្រកួតរដូវកាលនេះ។ ក្រុមរបស់លោក Jurgen Klopp នៅពេលនេះនៅសល់ ៦ប្រកួតរហូតចុងខែតុលានេះ បួករួមទាំងការប្រកួតនៅទឹកដី Rangers ក្របខណ្ឌ UEFA Champions League យប់នេះផងដែរ៕
អត្ថបទ៖នាង សុភាវុធ