បាល់ទាត់៖ អ្នកគាំទ្រសញ្ជាតិអេស្ប៉ាញម្នាក់កំពុងធ្វើដំណើរដោយថ្មើរជើង ដើម្បីទៅចូលរួមទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 ឆ្នាំនេះនៅប្រទេសកាតា។ លោក Santiago Sanchez បានធ្វើដំណើរពីទីក្រុង Madrid ក្នុងដំណើររយៈពេល ១០ខែឱ្យដល់ទឹកដីកាតាទាន់ការប្រកួតទី១ របស់អេស្ប៉ាញ។
លោក Santiago Sanchez បានធ្វើដំណើរ ១០ ទៅ ១៥គីឡូម៉ែត្រជារៀងរាល់ថ្ងៃ ហើយមានថ្ងៃខ្លះដើរបានដល់ទៅ ៣០គីឡូម៉ែត្រ។ គំនិតនៃការផ្សងព្រេងរបស់លោកគឺមិនមែនផ្តោតលើ World Cup នោះឡើយ។ “តាមពិតទៅការធ្វើដំណើររបស់ខ្ញុំគឺដើម្បីលើកទឹកចិត្ត និងបំផុសគំនិតអ្នកដទៃឱ្យបង្ហាញថាអ្នកអាចធ្វើបាន ថាពួកគេអាចទៅឆ្ងាយបានទោះត្រឹមលទ្ធភាពតិចតួចក៏ដោយ។ នៅទីនេះខ្ញុំមានផ្ទះរបស់ខ្ញុំ នៅទីនេះខ្ញុំមានអ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវការសម្រាប់មួយឆ្នាំ ឬពីរឆ្នាំ។ ហើយនោះជាបេសកកម្ម ឬគោលបំណងនៃការធ្វើដំណើរ។ ខ្ញុំនឹងព្យាយាមទៅទីនោះសម្រាប់ការប្រកួតទី១ របស់អេស្ប៉ាញនៅប្រទេសកាតា”។ Santiago Sanchez បានធ្វើដំណើរដល់ទឹកដីអ៊ីរ៉ាក់ហើយ ជាមួយនឹងរទេះចង់សន្តោងនឹងចង្កេះដឹកវ៉ាលីដាក់ឥវ៉ាន់ និងចំនីអាហារសម្រន់មួយចំនួន។
“នៅពេលដែលខ្ញុំមកទីនេះ ក្នុងតំបន់ Kurdistan នៅភាគខាងជើង ប្រជាជននៅទីនេះចិត្តល្អណាស់។ ខ្ញុំនៅក្នុងផ្ទះរបស់គ្រួសារមួយអស់រយៈពេលជាង ១សប្តាហ៍ក្នុងទីក្រុង Zakho។ បុរសវ័យក្មេងម្នាក់បានមើលថែខ្ញុំនៅ Dohuk និងនៅ Irbil ។ នៅគ្រប់ទីក្រុងទាំងអស់ ខ្ញុំមានឱកាសចែករំលែកបទពិសោធន៍របស់ខ្ញុំជាមួយគ្រួសារក្នុងតំបន់។ ទាំងនេះគឺជាពេលវេលាដ៏ល្អបំផុត នៅពេលពួកគេបើកទ្វារឱ្យមនុស្សដែលមិនស្គាល់អ្នកចូលផ្ទះ។ ពួកគេបានមើលឃើញពីការខិតខំ និងក្តីប្រាថ្នារបស់ខ្ញុំ។ ”Santiago Sanchez គឺជាអត្តពលិក និងជាគ្រូបង្វឹកបាល់ទាត់ម្នាក់នៅទីក្រុង Madrid ហើយរូបលោកនឹងរស់នៅក្នុងតំបន់ប្រជុំជន Sulaymaniyah ប្រទេសអ៊ីរ៉ាក់នេះមួយរយៈមុនពេលឆ្លងដែនទៅប្រទេសអ៊ីរ៉ង់ ហើយបន្តដំណើរតាមទូកឆ្លងទៅប្រទេសកាតា៕
អត្ថបទ៖នាង សុភាវុធ