ភ្នំពេញ ៖ ថ្លែងក្នុងពិធីបើក កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ២ ក្រោមប្រធានបទ “ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និង កាន់តែរឹងមាំ ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន” នៅវិមានសន្តិភាពរសៀលថ្ងៃទី១២តុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងជាប្រធានអាស៊ានឆ្នាំ២០២២បានថ្លែងថា៖រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ និង ជំរុញការលើកតម្កើង ស្រ្តីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។
សម្តេចបានលើកឡើងថា៖អាស៊ាន គឺជាតំបន់ ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ និង ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសដោយសារការចូលរួមដ៏សកម្មរបស់ស្ត្រី ។ សេដ្ឋកិច្ចនៃបណ្តាប្រទេសក្នុងអាស៊ាន ពឹងផ្អែកខ្លាំង លើសហគ្រាសធុនមីក្រូ, តូច និង មធ្យម ដែលដឹកនាំដោយស្ត្រី ។ ជាក់ស្ដែង, កម្ពុជាមានសហគ្រាស ធុនមីក្រូ, តូច និង មធ្យម រហូតដល់ទៅ ៩៨% នៃចំនួនសហគ្រាសសរុប ដែលបានចូលរួមចំណែក ដល់សេដ្ឋកិច្ចជាតិ ប្រមាណ ៥៨% និង បានផ្តល់ការងារប្រមាណ ៧៣% នៃការងារសរុប ។ ក្នុងនោះ ស្ត្រី គឺជាអ្នកបង្កើត និង គ្រប់គ្រងប្រមាណ ៦១% នៃចំនួនសរុប នៃសហគ្រាសធុនមីក្រូ, តូច និង មធ្យម ។ ការណ៍នេះ បានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា កំណត់ និង ជំរុញការលើកតម្កើង ស្រ្តីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និង ការលើក កម្ពស់តួនាទីរបស់ស្ត្រី នៅក្នុងកិច្ចអភិវឌ្ឍនៅគ្រប់វិស័យ និង គ្រប់កម្រិត ។
ក្នុងក្របខណ្ឌអាស៊ាន ទាំងបច្ចុប្បន្ន និង ទៅអនាគត, ស្ត្រី នឹងបន្តដើរតួនាទីជាតួអង្គដ៏សំខាន់ ជាពិសេសក្នុងការស្ដារ និង ជំរុញកំណើនសេដ្ឋកិច្ចអាស៊ានឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និង ភាពរឹងមាំ ។ ការណ៍នេះ ទាមទារឱ្យមានការរួមសាមគ្គី និងសហការគ្នាបង្កើតប្រព័ន្ធអេកូឡូស៊ី ដែលអំណោយផលដល់ការរីកលូតលាស់របស់សហគ្រិន និងការចូលរួមសហការដោះស្រាយ បញ្ហាប្រឈមផ្សេងៗ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់អនុសាសន៍ក្នុងការដោះស្រាយនូវបញ្ហាប្រឈម ក៏ដូចជាបំផុសសក្កានុពលសហគ្រិនស្ត្រីនិងបង្កភាពងាយស្រួលក្នុងការចសប់យកកាលានុវត្តភាព និងសក្កានុពលថ្មីៗនានា ដោយអោយគួរពិនិត្យ និងផ្តល់ការយកចិត្តទុកដាក់លើកិច្ចការមួយចំនួនដូចជា
១. រៀបចំប្រព័ន្ធអេកូឡូស៊ី (Ecosystem) ដែើឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាសធុន មីក្រូ តូច និងមធ្យម និងសហគ្រិនស្ត្រី រួមទាំងការកែលំអ នូវក្របខណ្ឌគតិយុត្ត និងផ្នត់គំនិតសង្គម ដែលរារាំងដល់សក្កានុពលរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច។
២. ផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍអនធសនមនុស្ស តាមរយៈកម្មវិធីលើកកម្ពស់ជំនាញ(Upskilling) និងបណ្តុះបណ្តាលជំនាញថ្មី(Re-skilling) ដល់ស្ត្រី និងក្មេងស្រី រួមទាំងកម្មវិធីអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា(STEM)។
៣. លើកកម្ពស់បរិយាបន្នហិរញ្ញាវត្ថុ និងឌីជីថល សម្រាប់ស្ត្រីនិងក្មេងស្រី តាមរយៈការផ្តល់ចំណេះដឹងផ្នែកហិរញ្ញាវត្ថុ និងឌីជីថល( Financial and Digital Literacy) និងការសម្រួលលទ្ធភាពទទួលឥណទាន ទីផ្សារ និងព័ត៌មាន ក្នុងការចាប់ផ្តើមនិងអភិវឌ្ឍអាជីវកម្ម។
៤. ពង្រីកវិសាលភាពគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម វិធានការគោលនយោបាយនានា ផ្នែកគាំពារសុខភាពគ្រួសារ និងការឆ្លើយតបលើការងារថែទាំគ្រួសារ និងការងារផ្ទះរបស់ស្ត្រី ព្រមទាំងការវិនិយោគសាធារណៈ លើវិស័យសេវាថែទាំ និងសុខុមាភាពសង្គម។
អនុសាសន៍នេះក៏ស្របភាពជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន លើកឡើងថា សហគ្រិនភាពរបស់ស្ត្រីនៅក្នុងំបន់អាស៊ាន បាននឹងកំពុងប្រឈមនឹងឧបសគ្គជាច្រើន ក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងសហគ្រាស ជាពិសេសនៅតាមតំបន់ទីជនបទ។ ម្យ៉ាងវិញទៀត ស្ត្រីភាគច្រើនចាប់ផ្តើមដំណើរការអាជីវកម្មនៅកម្រិតមីក្រូ , កម្រិតតូចៗ និងស្ថិតនៅក្រៅប្រព័ន្ធ ដោយភាគច្រើនលើសលប់មិនទាន់បានចុះបញ្ជីអាជីវកម្មផ្លូវការនៅឡើយ ដែលអាច់បង្កឲ្យមានការលំបាកដល់រាជរដ្ឋាភិបាល ក្នុងការកំណត់ និងផ្តល់ការគាំទ្រតាមការចាំបាច់។
សម្តេចបន្តថា៖កិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី ២ ដែលមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃបណ្តាប្រទេសអាស៊ាន និង ប្រទេសជាដៃគូ គឺជាសក្ខីភាព ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្ត ដ៏មុតមាំ ក្នុងការរួមសាមគ្គី និង សហការគ្នាលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី ។ ជាក់ស្តែង, នៅក្នុង កិច្ចប្រជុំនាថ្ងៃនេះ, យើងនឹងពិភាក្សា និងផ្តល់យោបល់លើការរៀបចំ សេចក្ដីថ្លែងការណ៍ ស្តីពីការ ក សាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និង កាន់តែរឹងមាំ ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុង អាស៊ាន។ សម្តេចសង្ឃឹមថា ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និង ប្រទេសជាដៃគូ ទាំងអស់ នឹងផ្តល់ ការគាំទ្រដល់សេចក្ដីថ្លែងការណ៍នេះ ៕
