
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានសំដែងមោទកភាពចំពោះកិច្ចបជុំកំពូលស្រ្តីអាស៊ាន លើកទី ២ ក្រោមប្រធានបទ “ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និង កាន់តែរឹងមាំ ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន” និងលើកទឹកចិត្តឱ្យអាស៊ានគួរមានកិច្ចប្រជុំស្តីពីស្ត្រីបែបនេះនៅឆ្នាំបន្តបន្ទាប់ទៀតដើម្បីសម្រេចឱ្យបាននូវសមភាពយែនឌ័រនៅក្នុងប្រទេសនិងនៅក្នុងតំបន់។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដោយស្ត្រី គឺជាស្នូលនៃគ្រួសារ និងសហគមន៍, «បើស្ត្រីរឹងមាំ, គ្រួសារ និងសហគមន៍អាស៊ាន របស់យើង ក៏រឹងមាំដូចគ្នាដែរ» ។
ក្នុងន័យនេះ, ការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី គឺជាកិច្ចការមួយ ដ៏សំខាន់ ដែលអាចផ្តល់ និង បង្កើនឱកាសដល់ស្រ្តីក្នុងការចូលរួមនៅក្នុងសកម្មភាពសេដ្ឋកិច្ច ដើម្បី លើកកម្ពស់ជីវភាពរបស់ខ្លួន និង គ្រួសារ ក៏ដូចជាការចូលរួមក្នុងការអភិវឌ្ឍ និងការធ្វើសមាហរណកម្ម សង្គម-សេដ្ឋកិច្ចអាស៊ាន របស់យើងឱ្យកាន់តែមានភាពប្រសើរឡើង។
ការលើកឡើងរបស់សម្តេចតេជោបែបនេះត្រូវបានធ្វើឡើងក្នុងពេលថ្លែងបិទ កិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ២ ក្រោមប្រធានបទ “ការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ទ និងកាន់តែរឹងមាំ ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន» ដែលប្រារព្ធតាមប្រព័ន្ធវីដេអូ នៅវិមានសន្តិភាពល្ងាចថ្ងៃទី១២តុលានេះ ។
សម្តេចបញ្ជាក់ថា ដើម្បីឱ្យស្ត្រីអាចចូលរួមក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ចបានយ៉ាងពេញលេញ និងទូលំទូលាយ, ការពង្រឹងសមត្ថភាព និងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី គឺជាកត្តាចាំបាច់ និង មិនអាចខ្វះបាន។
ក្នុងន័យនេះ រដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានទាំងអស់ មានកាតព្វកិច្ចធានាឱ្យបាននូវសមភាព សម្រាប់ស្រ្តី ក្នុងការទទួលបានការអប់រំ ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ, ភាពជាម្ចាស់លើការ គ្រប់គ្រងធនធានហិរញ្ញវត្ថុ, សិទ្ធិចូលរួមក្នុងការសម្រេចចិត្ត និង ភាពជាអ្នកដឹកនាំ ដើម្បីឱ្យស្ត្រីគ្រប់រូបមានឱកាសពេញលេញ ទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, ពាណិជ្ជកម្ម និង ទិដ្ឋភាពនយោបាយ។
សម្តេចមានជំនឿយ៉ាងមុតមាំថា សេចក្ដីថ្លែងការណ៍ ស្ដីពី «ការកសាងអនាគត ប្រកបដោយចីរភាព បរិយាបន្ន និង កាន់តែរឹងមាំ៖ ការបំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន» ដែលយើងបានពិភាក្សានាថ្ងៃនេះ នឹងទទួលបានការគាំទ្រ និងការអនុម័តលើ នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន លើកទី ៤០ និងទី ៤១ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ៕