
ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ សហហការមួយសមាជិក សមាជិកា សាខា-អនុសាខា និងក្រុមប្រតិបត្តិសាខា កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនប្រជាពលរដ្ឋចំនួន៤៨គ្រួសារ មកពីសង្កាត់ប្រទះឡាងចំនួន២៧គ្រួសារ និងសង្កាត់បឹងធំចំនួន២១គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោត។ ពិធីនេះរៀបចំឡើងនៅទីទួលសុវត្ថិភាព វត្តសុវណ្ណអម្ពរស្វាយមាស។
ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះទាំងអស់ ដោយក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនា អាណិតអាសូរ ចែករំលែកនូវការលំបាក និងចូលរួមសោកស្តាយយ៉ាងក្រៃលែង ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងដងស្ទឹងព្រែកត្នោត ដែលជាគ្រោះធម្មជាតិបង្កដោយការប្រែប្រួលអាកាសធាតុ។
ទន្ទឹមនឹងនោះ ឯកឧត្ដមវេជ្ជ.បានពាំនាំនូវសារអំពាវនាវ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ញើជូនដល់ប្រជាពលរដ្ឋ ១សូមគិតគូរនិងយកចិត្តទុកដាក់ ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ, ២នៅពេលទឹកស្រកមុនពេលត្រឡប់ទៅរស់នៅលំនៅឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាតមានអនាម័យ ហើយខិតខំបន្តបង្កបង្កើតផល ដាំដុះ ចិញ្ចឹមសត្វដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ, និង៣សូមមានស្មារតីប្រុងប្រយ័ត្នជានិច្ច ចំពោះការលង់ទឹកជាយថាហេតុ។
សូមបញ្ជាក់ថា អំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះនាពេលនេះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ៦ដប, ឃីត ១កញ្ចប់ (សារុង មុង ភួយ ក្រមា និងអាវយឺត), សាប៊ូ១ដប ជាលលាងដៃចំនួន ១ដប និងថវិកា ២ម៉ឺនរៀលផងដែរ៕ អត្ថបទ៖ សំ ងីម



