មនុស្សរាប់រយនាក់ បានជួបជុំគ្នានាថ្ងៃពុធនេះ នៅលើកោះទេសចរណ៍បាលី ប្រទេសឥណ្ឌូនេស៊ី ដើម្បីរំឭកខួប ២០ឆ្នាំ ចាប់តាំងពីការបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស ២០២នាក់ ដែលភាគច្រើននៃពួកគេគឺជាភ្ញៀវទេសចរបរទេស ក្នុងនោះរួមមានទាំងភ្ញៀវទេសចរអូស្រ្តាលី ៨៨នាក់ និងភ្ញៀវទេសចរអាមេរិក ៧នាក់។
ពិធីប្រារព្ធខួប បានរៀបចំឡើងដំណាលគ្នានៅតាមទីតាំងជាច្រើនកន្លែង ទាំងនៅប្រទេសអូស្រ្តាលី ទាំងនៅស្ថានកុងស៊ុលអូស្រ្តាលី ស្ថិតក្នុងទីក្រុង Denpasar កោះបាលី ជាកន្លែងដែលអ្នករស់រានជនជាតិអូស្រ្តាលីពីការវាយប្រហារភេរវកម្មឆ្នាំ ២០០២ និងសាច់ញាតិអ្នកស្លាប់ ស្ថិតក្នុងចំណោមអ្នកចូលរួម ២០០នាក់ ដើម្បីគោរពវិញ្ញាក្ខន្ធអ្នកដែលបានចែកឋានទៅ៕