ភ្នំពេញ៖ អគ្គិភ័យឆាបឆេះផ្ទះទុកចោលមួយកន្លែង អស់ទាំងស្រុង តែសំណាងល្អមិនបណ្ដាលឲ្យរាលដាលដល់ផ្ទះពលរដ្ឋជិតខាង និងមិនមានមនុស្សរងរបួសឡើយ។
គ្រោះអគ្គិភ័យបានកើតឡើងនៅវេលាម៉ោង១២ និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពពីម្ចាស់ផ្ទះបានអោយដឹងថា ដំបូងឡើយគាត់កំពុងតែសម្រាកនៅក្នុងផ្ទះសុខៗ ស្រាប់តែឃើញអណ្ដាតភ្លើងឆាបឆេះនៅផ្ទះទុកចោលខាងក្រោយ បង្កជាអគ្គីភ័យឆេះយ៉ាងសន្ធោរសន្ធៅដោយមិនដឹងមូលហេតុ រួចក៏បានរាយការណ៍ទៅកាន់សមត្ថកិច្ចចេញរថយន្តមកពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់ភ្លាមៗ។
បើតាមប្រភពពីសមត្ថកិច្ចដែលចូលរួមប្រតិបត្តិការបាញ់ពន្លត់អគ្គីភ័យនេះបានឱ្យដឹងថា អគ្គីភ័យនេះបានអស់ផ្ទះទុកចោលមួយកន្លែងទាំងស្រុងហើយក្នុងផ្ទះនោះផ្ទុកដោយអីវ៉ាន់អេតចាយ។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចចេញរថយន្តជាច្រើនគ្រឿងមកដល់ទីតាំងកើតហេតុ ប្រើប្រាស់ទឹកអស់ជាច្រើនរថយន្ត ទើបអាចគ្រប់គ្រង អគ្គីភ័យនេះបាន និង មិនបណ្ដាលឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ។ ចំពោះមូលហេតុនៃការឆាបឆេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ក្នុងករណីនេះមិនបង្កឱ្យមានអ្នករងរបួសទេ៕



