បាល់ទះ៖ ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់ Anchor Slamball លើកដំបូងនៅកម្ពុជាលើវិញ្ញាសា ៤នាក់ទល់ ៤នាក់នឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី០៥ ខែវិច្ឆិកាខាងមុខ ខណៈមន្ដ្រីជាន់ខ្ពស់សហព័ន្ធកីឡាបាល់ទះកម្ពុជាបានបង្ហាញការគាំទ្រពេញទំហឹង ដោយចាត់ទុកការរៀបចំនេះគឺជាផ្នែកមួយទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទះជាតិ។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ស្របពេលបាល់ទះកម្ពុជាទើបទទួលបានជោគជ័យជាប្រវត្តិសាស្ដ្រ ក្នុងការដណ្ដើមមេដាយសំរឹទ្ធស៊ីហ្គេមលើកដំបូងកាលពីថ្មីៗ សហព័ន្ធមានអំរែកកាន់ធ្ងន់ក្នុងការជំរុញការអភិវឌ្ឍវិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន ហើយទាមទារឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន រួមទាំងវិស័យឯកជនផងដែរ។ ដូច្នេះការរៀបចំនូវព្រឹត្តិការណ៍ Anchor Slamball នេះគឺជាឱកាសថ្មីមួយទៀតដែលបណ្ដាក្លិប និងកីឡាករទូទាំប្រទេសបានចូលរួមប្រកួតប្រជែង បង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន។ បន្ថែមលើនេះ លោកក៏បានជំរុញឲ្យកីឡាករវ័យក្មេង ពិសេសកីឡាករអាយុក្រោម ១៨ឆ្នាំ ដ្បិតសហព័ន្ធកំពុងសម្លឹងរកកីឡាករវ័យក្មេងនេះ ដើម្បីត្រៀមការប្រកួតជើងឯកយុវជនអាស៊ីអាយុក្រោម ១៨ឆ្នាំនាពេលខាងមុខផងដែរ។
ជាមួយគ្នាតំណាងក្រុមហ៊ុន Anchor សហការរៀបចំព្រឹត្តិការណ៍នេះបានបញ្ជាក់ថា គោលដៅធំដែលក្រុមហ៊ុនរៀបចំការប្រកួតនេះដើម្បីជាការចូលរួមអភិវឌ្ឍ និងលើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជា។ ការប្រកួតបាល់ទះគឺជាការប្រកួតដ៏ពេញនិយមបំផុតដែលប្រជាជនកម្ពុជាចូលចិត្តលេងណាស់។ ដូច្នេះពានរង្វាន់នេះនឹងប្រមូលផ្ដុំកីឡាករឲ្យបានជួបជុំគ្នាប្រកួតតាមលក្ខខណ្ឌស្ដង់ដារអន្ដរជាតិ។ មួយវិញទៀត ក្រុមហ៊ុនក៏មានគោលបំណងចូលរួមចំណែកជំរុញយុវជនកម្ពុជាឲ្យចូលរួមក្នុងវិស័យកីឡា ចៀសឆ្ងាយពីគ្រឿងញៀន និងអភិវឌ្ឍសមត្ថភាពកីឡាករក្នុងគោលដៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។
លោក Loic De Laubriere ប្រធានទីផ្សាររបស់ក្រុមហ៊ុន ហ៊ិននីគែន បានបន្ថែមថា Anchor តែងតែគាំទ្រជានិច្ចចំពោះការប្រកួតបាល់ទះនៅលើទីលានធម្មតា ហើយការរៀបចំនូវទីលានបាល់ទះស្ដង់ដារ សម្រាប់បម្រើឲ្យការប្រកួតនេះ នឹងជំរុញឲ្យកីឡាករកាន់តែមានភាពកក់ក្ដៅ ក្នុងការប្រកួត និងបង្ហាញនូវសមត្ថភាព។ សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់ទះ Anchor Slamball នេះមានក្រុមខ្លាំងៗចំនួន ៨ក្រុមក្នុងនោះមាន ៧ក្រុមមកពីរាជធានី-ខេត្ត។ ការប្រកួតនឹងធ្វើឡើងពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ខែមករា ឆ្នាំ២០២៣ ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា