UN៖ មហាសន្និបាតអង្គការសហប្រជាជាតិថ្កោលទោស ការប៉ុនប៉ងការបញ្ចូលក្នុងឧបសម្ព័ន្ធដោយខុសច្បាប់របស់រុស្ស៊ីនៃតំបន់ចំនួន៤ របស់អ៊ុយក្រែនដោយសំឡេងគាំទ្រ ១៤៣ ទល់នឹង ៥។
មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោត ថ្កោលទោសការប៉ុនប៉ងដាក់បញ្ចូលទៅក្នុងឧបសម្ព័ន្ធដោយខុសច្បាប់នៃតំបន់ចំនួន៤ ដែលត្រូវបានគ្រប់គ្រងដោយផ្នែកនៅក្នុងប្រទេសអ៊ុយក្រែន និងបានជំរុញបណ្ដាប្រទេសកុំឲ្យទទួលស្គាល់សកម្មភាពនេះ។ ក្នុងការបោះឆ្នោតកាលពីថ្ងៃពុធដោយមានសំឡេង ៣ភាគ៤ នៃសមាជិកមហាសន្និបាតចំនួន ១៩៣ប្រទេស ក្នុងនោះមាន ១៤៣ប្រទេសបានគាំទ្រសេចក្ដីសម្រេចមួយ ដែលបានបញ្ជាក់ឡើងវិញផងដែរពីអធិបតេយ្យភាព ឯករាជ្យ ឯកភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែននៅក្នុងព្រំដែន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។
ប្រទេសចំនួន៤ ដែលបានចូលរួមជាមួយរុស្ស៊ី ក្នុងការបោះឆ្នោតប្រឆាំងនឹងសេចក្ដីសម្រេចនេះមានស៊ីរី, នីការ៉ាហ្គ័រ, កូរ៉េខាងជើង និងបេឡារុស។ ប្រទេសចំនួន ៣៥ទៀតអនុបវាទរួមមានចិន, ឥណ្ឌា, អាហ្វ្រិកខាងត្បូង និងប៉ាគីស្ថានផងដែរ ហើយប្រទេសនៅសល់ផ្សេងទៀតពុំបានបោះទេ៕
អត្ថបទ៖ សុខមាន