អ៊ុយក្រែន៖ រដ្ឋមន្ត្រីក្រសួងថាមពលអ៊ុយក្រែនលោក German Galushchenko បានប្រាប់ទូរទស្សន៍ CNN ថា ប្រហែល ៣០% នៃហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនត្រូវបានបំផ្លិចបំផ្លាញ បន្ទាប់ពីការវាយប្រហារ ២ថ្ងៃជាប់ៗគ្នាដោយមីស៊ីលរបស់រុស្ស៊ី។

ទីក្រុង Moscow បានហៅការវាយប្រហារកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារថា ជាការឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មរបស់អ៊ុយក្រែនមកលើទឹកដីរុស្ស៊ី។ យោងតាមបណ្តាញព័ត៌មានសហរដ្ឋអាមេរិក មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនរូបនេះបាននិយាយកាលពីថ្ងៃអង្គារថា វាជាលើកដំបូងហើយចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម ដែលបានជួបប្រទះការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសលោក។ លោកបានវាយតម្លៃថា អឺរ៉ុបក៏បានរងផលប៉ះពាល់ដែរដោយសារសង្គ្រាមតំណាងនេះ ព្រោះទីក្រុង Kiev បានផ្អាកការនាំចេញថាមពលអគ្គិសនី។ លោក Galushchenko បានបញ្ជាក់ថា អ៊ុយក្រែនជួយបណ្ដាប្រទេសនៅអឺរ៉ុបដើម្បីសង្គ្រោះលើការផ្គត់ផ្គង់ឧស្ម័ន និងធ្យូងថ្មរបស់រុស្ស៊ី និងចង់តភ្ជាប់វិញឲ្យបានឆាប់ពីប្រភពផ្សេងទៀត។
មេបញ្ជាការកងទ័ពទើបត្រូវបានតែងតាំងថ្មីនៃកងកម្លាំងរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន លោក Sergey Surovikin កំពុងព្យាយាមបង្ហាញលទ្ធផលឲ្យបានលឿនដល់លោក Vladimir Putin ដោយការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន ខណៈដែលប្រធានចារកម្មនៃក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា នេះគឺជារបៀបបំពេញការងាររបស់មេបញ្ជាការថ្មីរូបនេះ៕
អត្ថបទ៖ សុខមាន