បាល់ទាត់៖ ក្រុមជើងឯកលីគប៊ែលហ្ស៊ិក ១៨សម័យ Club Bruges បានកក់កៅអីនៅវគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League ជាលើកដំបូង ក្រោយស្មើនៅទឹកដីអេស្ប៉ាញរបស់ Atletico Madrid ០-០ យប់មិញ។

Club Bruges មានស្ថិតិអាក្រក់នៅ UEFA Champions League ១០រដូវកាលកន្លងមកដោយបានត្រឹមវគ្គវិលជុំក្នុងពូលប៉ុណ្ណោះ តែលើកនេះមិនធម្មតាក្រោយលេង ៤ប្រកួតមិនចាញ់។ Club Bruges ដែលបច្ចុប្បន្នកំពុងដឹកនាំដោយអតីតខ្សែការពារ Stoke និង West Ham, Carl Hoefkens បានធ្វើឱ្យក្រុមម្ចាស់ផ្ទះ Atletico Madrid តឹងចិត្តក្រោយឱកាសស៊ុត ២១លើកចំគោលដៅ ៩លើកតែបំប៉ោងសំណាញ់ទីមិនបាន ទោះបីជាក្រុមភ្ញៀវសល់គ្នាតែ ១០នាក់នៅនាទីទី៨២ ក៏ដោយ។
លទ្ធផលនេះធ្វើឱ្យ Club Bruges លេង ៤ប្រកួតមាន ១០ពិន្ទុឈ្នះ ៣ ស្មើ ១ ដាច់ក្រុមលេខ២ Porto ៤ពិន្ទុ និងដាច់ក្រុមលេខ៣ Atletico Madrid ៦ពិន្ទុ។ មួយប្រកួតទៀតក្នុងពូលនេះ Porto យកឈ្នះនៅទឹកដី Bayer Leverkusen ៣-០។ ដូច្នេះក្នុងពូលនេះ ៣ក្រុមត្រូវប្រជែងគ្នាដើម្បីឱកាសទៅជុំបន្តរួមមាន Porto, Atletico Madrid និង Leverkusen៕
អត្ថបទ៖នាង សុភាវុធ