ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំរុញស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹង និងពង្រីកប្រព័ន្ធស្បៀង ដើម្បីឆ្លើយតបបញ្ហាគ្រោះមហន្តរាយ ដែលកម្ពុជាបាន និងកំពុងជួបប្រទះស្ទើរជារៀងរាល់ឆ្នាំ ។
យោងតាមសារលិខិត ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ១៣ តុលា ឆ្នាំ២០២២នេះ ក្រោមមូលបទ “រួមគ្នាដើម្បីលើកកម្ពស់តុល្យការសកម្មភាពមូលដ្ឋានីយកម្ម សម្រាប់ភាពធន់ នឹងគ្រោះមហន្តរាយ” សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រហូតមកដល់ពេលនេះ ពិភពលោកកំពុងទទួលឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ បណ្ដាលឲ្យកើតមានគ្រោះមហន្តរាយធំៗជាច្រើន ខណៈកម្ពុជាស្ទើរជារៀងរាល់ឆ្នាំ បានរងប៉ះពាល់ពីទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ និងគ្រោះមហន្តរាយផ្សេងៗទៀត ។

ដើម្បីឲ្យស្របតាមទស្សនវិស័យ នៃនយោបាយឈ្នះ ឈ្នះ! គឺឈ្នះសេដ្ឋកិច្ច ឈ្នះគ្រោះមហន្តរាយ សម្ដេចតេជោ បានអំពាវនាវពលរដ្ឋបន្តអនុវត្ត ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូស, ស្ថាប័នពាក់ព័ន្ធត្រូវបន្តពង្រឹងសមត្ថភាព លើការយល់ដឹងអំពីហានិភ័យគ្រោះហន្តរាយ ដាក់តាមដានមុខសញ្ញាគ្រោះថ្នាក់ ព័ត៌មានព្យាករណ៍ និងប្រកាសព័ត៌មានជាមុនអំពីហេតុការណ៍ និងគ្រោះថ្នាក់ដែលអាចកើត មានដោយគ្រោះហន្តរាយ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បន្ថែមថា “ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តពង្រឹង និងពង្រីកប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីធានាថាប្រជាជនរងគ្រោះ នឹងត្រូវបានដោះស្រាយបញ្ហាសន្តិសុខស្បៀង មានគ្រាប់ពូជសម្រាប់ស្តារការដាំដុះ និងមានសាច់ប្រាក់ បម្រុងដើម្បីដោះស្រាយតម្រូវការផ្សេងៗទៀត ដែលមិនមែនជាស្បៀងនិងគ្រាប់ពូជ” ។

សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យមានភាពម្ចាស់ការ ធ្វើសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ, សម្រាប់វិនិយោគិន ធុរជន ម្ចាស់សហគ្រាស...[]...សូមវិភាជទុនបង្កើតប្រព័ន្ធការពារគ្រោះថ្នាក់ការងារ រៀបចំហេដ្ឋារចនាសម្ព័ន្ធធន់ បង្កើតទីសុវត្ថិភាព។ ចំណែកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសម្របសម្រួលដឹកនាំការរៀបចំគោលនយោបាយ ជាតិស្តីពីកិច្ចទទួលខុសត្រូវផ្នែកសង្គម នៅក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ។
នាយករដ្ឋមន្ត្រី បានបន្តទៀតថា ក្រសួង ស្ថានប័នពាក់ព័ន្ធ ត្រូវសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយជំនាញ ដៃគូវិនិយោគ និងដៃគូអភិវឌ្ឍន បង្កើនសមត្ថភាព លើការងាគ្រប់គ្រងគ្រោះមហន្តរាយ ហើយត្រូវត្រួតពិនិត្យ និងរៀបចំផែនការត្រៀមបម្រុងរបស់ខ្លួន និងត្រូវត្រៀមបម្រុងនូវធនធាន មធ្យោបាយ និងសម្ភារៈក្នុងការជួយសង្រ្គោះពេលមានគ្រោះមហន្តរាយផ្តល់ការ ឧបត្ថម្ភគាំទ្រដល់ប្រជាជនដែលរងគ្រោះ និងស្តារឡើងវិញក្រោយគ្រោះមហន្តរាយ នៅក្នុងដែនសមត្ថកិច្ច នៃវិស័យរបស់ខ្លួន ៕ (ដោយ៖ បាន សុខរិទ្ធិ)