អាមេរិក៖ លោកប្រធានាធិបតីអាមេរិក Joe Biden និយាយថា លោកគ្មានបំណងជួបលោក Vladimir Putin នៅកិច្ចប្រជុំកំពូល G20 ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ដើម្បីពិភាក្សាអំពីបញ្ហាអ៊ុយក្រែននោះទេ លុះត្រាតែមេដឹកនាំរុស្ស៊ីមករកលោកមុនដើម្បីពិភាក្សា បញ្ហាដូចជាការដោះលែងតារាសហគមន៍បាល់បោះស្ត្រីថ្នាក់ជាតិរបស់អាមេរិកនាង Brittney Griner ដែលបច្ចុប្បន្នត្រូវបានជាប់ពន្ធនាគារនៅក្នុងប្រទេសរុស្ស៊ី។
ថ្លែងទៅកាន់អ្នកសម្របសម្រួលកម្មវិធីរបស់ទូរទស្សន៍ CNN លោក Jake Tapper លោក Biden បានពិភាក្សាបញ្ហាផ្សេងៗជាច្រើនដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរុស្ស៊ី-អាមេរិក និងបានថ្កោលទោសការគំរាមរបស់លោក Putin ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងជម្លោះយោធាជាមួយអ៊ុយក្រែន។ នៅពេលត្រូវសួរថា តើលោកមានបំណងជួបមេដឹកនាំរុស្ស៊ីនៅកិច្ចប្រជុំ G20 នៅក្នុងខែវិច្ឆិកាដែរទេ លោក Biden បាននិយាយថា មែនហើយ លោកគ្មានបំណងជួបលោក Putin ទេ។ ប៉ុន្តែប្រសិនបើលោក Putin ដើរមករកខ្ញុំមុននៅកិច្ចប្រជុំកំពូល G20 ខ្ញុំចង់និយាយពីការដោះលែងកីឡាការិនី Brittney Griner ខ្ញុំនឹងជួបលោក។ ខ្ញុំចង់បានន័យថា វាអាស្រ័យទៅលើមេដឹកនាំរុស្ស៊ី។
លោក Biden និងលោក Putin ពុំបាននិយាយរកគ្នាដោយផ្ទាល់ ចាប់តាំងពីមុនពេលរុស្ស៊ីបើកប្រតិបត្តិការយោធារបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ចំណែករដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នៅសប្ដាហ៍នេះបាននិយាយថា វិមានក្រឹមឡាំងនឹងពិចារណាជំនួបនេះ ប៉ុន្តែមិនទាន់ទទួលបានសំណើពីទីក្រុង Washington នៅឡើយទេ៕
អត្ថបទ៖ សុខមាន