បាល់ទាត់៖ ក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich បានកក់កៅអីនៅ ១៦ក្រុមចុងក្រោយ UEFA Champions League ១៥រដូវកាលជាប់គ្នាក្រោយយកឈ្នះនៅទឹកដី Viktoria Plzen ៤-២។

ស្របពេលដែលទម្រង់លេងធ្លាក់នៅក្នុងលីគដែលឈ្នះតែ ៤ប្រកួតក្នុងការចាប់ផ្តើម ៩ប្រកួតរដូវកាលនេះ Bayern Munich ឈ្នះទាំង ៤ប្រកួតនៅក្នុងពូល C ក្របខណ្ឌ UCL រដូវកាលនេះដែលរួមមានស៊ុតបញ្ចូលទីគូប្រកួតសរុប ១៣គ្រាប់។ បួនគ្រាប់នាំមុខមុនក្នុងវគ្គទី១ ដោយ Sadio Mane, Thomas Muller និង Leon Goretzka ពីរគ្រាប់ម្នាក់ឯង មុនពេលដែលម្ចាស់ផ្ទះឆែកតាមបានពីរគ្រាប់វិញនៅវគ្គទី២។ លទ្ធផលនេះធ្វើឱ្យក្រុមរបស់លោក Julian Nagelsmann មាន ១២ពិន្ទុពេញដាច់ក្រុមលេខ២ Inter Milan ៥ពិន្ទុ និងដាច់ក្រុមលេខ៣ Barcelona ៨ពិន្ទុ។
ក្រុមអេស្ប៉ាញ Barcelona កំពុងប្រឈមធ្លាក់ត្រឹមវគ្គវិលជុំក្នុងពូលនេះក្រោយស្មើ ៣-៣ ទល់នឹង Inter Milan ក្នុងទឹកដីខ្លួនឯង។ Ousmane Dembele បើកការនាំមុខមុននៅនាទីទី៤០ តែ Inter Milan ក៏វាយបកវិញ ២គ្រាប់ដោយ Barella និង Lautaro Martinez។ ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski នៅតែបន្តការស៊ុតបញ្ចូលទីរបស់ខ្លួន ក្រោយរកបានពីរគ្រាប់ម្នាក់ឯងនៅនាទីទី៨២ និង ៩០+២ ដែលជាគ្រាប់តាមស្មើបន្ទាប់ពី Inter Milan នាំមុខ ៣-២ ត្រឹមនាទីទី៨៩ ដោយ Robin Gosens។ ប្រកួតបន្ទាប់ Inter Milan ទទួលភ្ញៀវ Viktoria Plzen ខណៈ Barcelona ទទួល Bayern Munich៕
អត្ថបទ៖នាង សុភាវុធ