ព្រះវិហារ៖ នៅថ្ងៃទី១២ខែតុលា ម្សិលមិញនេះ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម និងអាជ្ញាធរខេត្តព្រះវិហារ បានដឹកនាំមន្ត្រីពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យផ្ទៀងផ្ទាត់ផ្ទៃដីស្រែ និងដំណាំប្រជាពលរដ្ឋ នៅស្រុកជ័យសែន និងស្រុករវៀង ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដើម្បីរកវិធានការស្តារឡើងវិញ។
ក្នុងឱកាសនោះ ឯកឧត្តម ចាន់ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា តាមការចុះពិនិត្យជាក់ស្តែង និងផ្អែកតាមរបាយការណ៍របស់រដ្ឋបាលខេត្តក្នុងនាមគណៈកម្មការគ្រោះមហន្តរាយខេត្ត គឺផ្ទៃដីស្រែ និងដំណាំប្រជាពលរដ្ឋដែលលិចលង់ដោយទឹកជំនន់មានចំនួន ៩៨០០ហិកតា។ គិតមកដល់ថ្ងៃនេះ ចំពោះស្រុកជ័យសែន និងស្រុករវៀង រងផលប៉ះពាល់ផ្ទៃដីស្រែចំនួន ២៣០០ហិកតា និងផ្ទៃដីដំណាំឧស្សាហកម្ម និងដំណាំរួមផ្សំ ពិសេសផ្តោតលើដំណាំដំឡូងមីខូចរហូតចំនួន ២៤០០ហិកតា។
ឯកឧត្តម បន្តថា ក្រោយពិនិត្យឃើញជាក់ស្តែង ក្នុងនាមប្រតិភូក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានពិភាក្សាជាមួយអាជ្ញាធរ ភូមិ ឃុំ ស្រុក តាមរយះឯកឧត្តមអភិបាលខេត្ត រង់ចាំទទួលនូវសំណើររបស់ប្រជាពលរដ្ឋ ហើយក៏បានជួបប្រជាពលរដ្ឋតាមឃុំមួយចំនួននៅស្រុកជ័យសែន និងស្រុករវៀង ឃើញថា ផ្ទៃដីស្រូវដែលខូចខាតនេះ សម្រាប់ចុងរដូវគាត់មានបញ្ហាមួយពេលដែលឱ្យពូជស្រូវមក គាត់មិនអាចធ្វើស្រូវបានដោយសារអត់មានប្រភពទឹក ប៉ុន្តែសម្រាប់ពូជស្រូវនេះគាត់ថាបើមិនអាចធ្វើចុងរដូវវស្សាបានគឺគាត់អាចធ្វើដើមរដូវវស្សាឆ្នាំក្រោយ។
បន្ថែមពីនេះឯកឧត្តម ក៏បានផ្តល់ជាជម្រើសដល់ប្រជាពលរដ្ឋ បើគាត់មិនធ្វើស្រូវទេ គឺអាចជ្រើសរើសយកនូវពូជដំណាំរួមផ្សំ និងបន្លែ ដែលអគ្គនាយកដ្ឋានកសិកម្មមានរហូតដល់ ១៦មុខ សម្រាប់យកទៅផលិតនៅក្នុងដីដែលអាចធ្វើបានដោយប្រើប្រាស់ទឹកតិចតួច សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយបើសិនជាច្រើនអាចលក់បាន។
ជាមួយគ្នានេះដែរឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោបានយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ចំពោះកសិករដែលរំពឹងលើដំណាំដែលជាចំណូលប្រចាំថ្ងៃរបស់ពួកគាត់។ហើយប្រជាពលរដ្ឋក៏បានសំដែងនូវការសប្បាយចិត្ត ដែលសម្តេចតេជោ បានបញ្ជូនប្រតិភូមកជួយអន្តរាគមន៍ជូនពួកគាត់ ធ្វើឱ្យពួកគាត់រីករាយទទួលយក ពូជដំណាំដើម្បីយកទៅដាំដុះក្រោយទឹកស្រកចុះទៅវិញ និងនៅឆ្នាំក្រោយ។
ទន្ទឹមនេះឯកឧត្តម ប្តេជ្ញាចិត្តនឹងនៅកៀកជាមួយប្រជាពលរដ្ឋ ដើម្បីទទួលយកនូវសំណូមពរទាំងឡាយ ពិសេសមិនឱ្យប្រជាពលរដ្ឋដាច់ស្បៀងដោយអាជ្ញាធរមិនបានដឹងនោះឡើយ ៕











