ភ្នំពេញ៖ ចំនួនអ្នកធ្វើដំណើរតាមជើងយន្តហោះ បានហក់កើនឡើងជាងបណ្តើរៗ ស្របពេលជើងហោះហើរក៏បានកំពុងមានការកើនឡើងផងដែរ។ ជាមួយគ្នា ជើងហោះហើរមួយចំនួនផ្សេងទៀតបានកំពុងតភ្ជាប់ជើងហោះហើរឡើងវិញជាបណ្តើរៗផងដែរ។
ឯកឧត្តម ស៊ិន ចាន់សេរីវុធថា អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លើកឡើងក្នុងសិក្ខាសាលាកាលពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ខែតុលា នេះថា បន្ទាប់ពីរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងទប់ស្កាត់នៃវិបត្តិនេះ ជាពិសេសបន្ទាប់ពីមានការបើកប្រទេសឡើងវិញ ជើងហោះហើរបានចាប់ផ្តើមភ្ជាប់ឡើងវិញជាបណ្តើរៗ ដោយមកទល់នឹងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនមួយចំនួន បាននិងកំពុងតភ្ជាប់ជើងហោះហើររបស់ខ្លួនឡើងវិញផងដែរ។
ឯកឧត្តម បន្តឲ្យដឹងថា ចំនួនអ្នកធ្វើដំណើរតាមជើងយន្តហោះ បានកើនឡើងជាលំដាប់ ជាក់ស្តែងនៅក្នុងខែតុលា បើធៀបនឹងខែកញ្ញា ឆ្នាំ២០២២ នេះ ចំនួនអ្នកធ្វើដំណើរតាមយន្តហោះ បានកើនឡើងជិត ៣០ ភាគរយ។ ចំណែកចំនួនជើងយន្តហោះ បានកើនឡើងក្នុងមួយខែៗ ចន្លោះ ៣០ ទៅ ៣៥ ភាគរយ។
បន្ទាប់ពីរាជរដ្ឋាភិបាលដកចេញនូវវិធានការ ដែលតម្រូវឱ្យអ្នកដំណើរមកពីបរទេសទាំងអស់ ទាំងច្រកផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស បង្ហាញសេចក្តីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ពេលមកកម្ពុជា ឯកឧត្តម រំពឹងថា ចំនួនអ្នកដំណើរតាមជើងយន្តហោះ និងការតភ្ជាប់ជើងហោះហើរ នឹងកើនឡើងកាន់តែច្រើន។
ឯកឧត្តម ថ្លែងថា ជុំវិញការបើកជើងហោះហើរនេះ រាជរដ្ឋាភិបាលក្រោមចក្ខុវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចតេជោ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ជាក់ស្តែងព្រលានយន្តហោះ ដែលទើបកើតឡើងចំនួន ២ គឺជាសមិទ្ធផលថ្មី ប្រកបដោយស្តង់ដារខ្ពស់ដែលអាចធ្វើឲ្យជើងយន្តហោះធំៗចុះចតបាន ដែលតាមរយៈនេះ ឯកឧត្តម រំពឹងថា នៅថ្ងៃខាងមុខ បន្ទាប់ពីបើកឲ្យដំណើរព្រលានទាំងពីរនេះ កម្ពុជានឹងទទួលបានជើងហោះថ្មីៗបន្ថែមទៀត៕អត្ថបទ៖ សុន រ៉ាឌី