រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងមូស្គូបានត្រៀមខ្លួនដើម្បីបន្តការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុបតាមរយៈតំណភ្ជាប់នៃបំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលតភ្ជាប់ទៅប្រទេសអាល្លឺម៉ង់នៅក្រោមសមុទ្របាល់ទិក។
ថ្លែងនៅក្នុងវេទិកាថាមពលទីក្រុងមូស្គូ លោក Putin បានចោទប្រកាន់ជាថ្មីម្តងទៀតថា សហរដ្ឋអាមេរិកទំនងជានៅពីក្រោយការបំផ្ទុះដែលបានបំផ្លាញតំណភ្ជាប់ទាំង២ នៃបំពង់បង្ហូរប្រេង Nord Stream 1 និងតំណភ្ជាប់មួយផ្សេងទៀតក្នុងចំណោមតំណភ្ជាប់ទាំង២ នៃបំពង់បង្ហូរប្រេង Nord Stream 2 បណ្តាលឱ្យលេចធ្លាយឧស្ម័នដ៏ធំ និងបានកាត់ផ្តាច់សេវា។ មេដឹកនាំរុស្ស៊ីបាននិយាយបង្អាប់ប្រទេសលោកខាងលិចម្តងហើយម្តងទៀត ដោយបង្កើនការរំពឹងទុកនៃការបញ្ជូនឧស្ម័នតាមរយៈបំពង់បង្ហូរប្រេង Nord Stream 2 ដែលជាជម្រើសចាញ់ប្រៀបខាងនយោបាយសម្រាប់រដ្ឋាភិបាលអាល្លឺម៉ង់ និងប្រទេសផ្សេងទៀត។ ដោយអះអាងសារជាថ្មី លោក Putin និយាយថា ការវាយប្រហារបំពង់បង្ហូរឧស្ម័នត្រូវបានធ្វើឡើងដោយអ្នកដែលមានបំណងធ្វើឱ្យអឺរ៉ុបចុះខ្សោយ ដោយការបញ្ឈប់លំហូរឧស្ម័នមានតម្លៃថោកពីប្រទេសរុស្ស៊ី។ លោកបាននិយាយថា សកម្មភាពនៃការបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង 2 គឺជាសកម្មភាពភេរវកម្មអន្តរជាតិ ដែលមានគោលបំណងធ្វើឱ្យអន្តរាយដល់សន្តិសុខថាមពលនៃទ្វីបទាំងមូល ដោយរារាំងការផ្គត់ផ្គង់ថាមពលមានតម្លៃថោក ដោយចោទប្រកាន់ថា សហរដ្ឋអាមេរិកមានបំណងបង្ខំឱ្យអឺរ៉ុបផ្លាស់ប្តូរទៅការនាំចូលឧស្ម័នធម្មជាតិរាវ ដែលមានតម្លៃថ្លៃជាងនេះ។
លោកនិយាយថា អ្នកដែលចង់កាត់ផ្តាច់ទំនាក់ទំនងរវាងរុស្ស៊ី និងសហភាពអឺរ៉ុប គឺជាអ្នកនៅពីក្រោយសកម្មភាពនៃការបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream។ ខណៈរុស្ស៊ីនៅតែបូមឧស្ម័នទៅកាន់អឺរ៉ុបតាមប្រទេសអ៊ុយក្រែន ការផ្ទុះបំពង់បង្ហូរប្រេងនៅសមុទ្របាល់ទិកបានធ្វើឱ្យការខ្វះថាមពលធ្ងន់ធ្ងរ ដែលអឺរ៉ុបប្រឈមមុខមុនរដូវរងានេះ។ បំពង់បង្ហូរឧស្ម័ន Nord Stream 2 មិនដែលបានបញ្ជូនស្ម័នធម្មជាតិទៅកាន់អឺរ៉ុបនោះទេ ដោយសារប្រទេសអាល្លឺម៉ង់បានទប់ការបង្ហូរចាប់តាំងពីដំបូង នៅមុនការវាយលុករបស់យោធារុស្ស៊ីនៅអ៊ុយក្រែនចាប់តាំងពីថ្ងៃទី24 ខែកុម្ភៈ៕
អត្ថបទ៖ ប៊ុនថន