បាល់ទាត់៖ សហព័ន្ធបាល់ទាត់ទ្វីបអាមេរិកខាងត្បូង CONMEBOL បានប្រកាសជំហរគាំទ្រលោក Gianni Infantino ជាបេក្ខភាពប្រធាន FIFA មួយអាណត្តិទៀត។ FIFA នឹងឈានដល់មហាសន្និបាតលើកទី៧៣ របស់ខ្លួន អមជាមួយនឹងការបោះឆ្នោតជ្រើសរើសប្រធាននៅអាណត្តិថ្មីនៅខែមីនាឆ្នាំក្រោយនេះ។
បុរសវ័យ ៥២ឆ្នាំ Gianni Infantino នឹងឈរឈ្មោះក្នុងអាណត្តិទី៣ របស់ខ្លួនក្រោយឈ្នះឆ្នោតជាប្រធាន FIFA ដំបូងនៅឆ្នាំ២០១៦ យកឈ្នះលោក Sheikh Salman ដែលកាន់តំណែងបន្តពីការចាកចេញរបស់លោក Sepp Blatter។ ក្នុងសេចក្ដីថ្លែងការណ៍របស់ CONMEBOL នៅថ្ងៃពុធម្សិលមិញឱ្យដឹងថា បន្ទាប់ពីមានការពិភាក្សាជុំវិញស្ថានភាពបាល់ទាត់បច្ចុប្បន្ន និងចក្ខុវិស័យនាពេលអនាគតរបស់បាល់ទាត់អាមេរិកខាងត្បូង និងពិភពលោក សមាជិករបស់ CONMEBOL ទាំងអស់សុទ្ធតែគាំទ្របេក្ខភាពលោក Gianni Infantino ដើម្បីធ្វើជាប្រធាន FIFA មួយអាណត្តិទៀត។ មិនត្រឹមតែ CONMEBOL ទេកាលពីពេលថ្មីៗនេះ សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី AFC និងសហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិក CAF សុទ្ធតែប្រកាសជំហរគាំទ្រលោក Gianni Infantino ដូចគ្នា៕
អត្ថបទ៖នាង សុភាវុធ