ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសថា ស្ត្រីខ្មែរម្នាក់ទៀតអាយុ ៥៥ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩នៅថ្ងៃនេះ ១០ថ្ងៃក្រោយពីស្ត្រីរូបនេះបានឆ្លងមេរោគផ្លូវដង្ហើមមួយនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចេញនៅល្ងាចនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា ស្ត្រីរូបនេះដែលរស់នៅក្នុងសង្កាត់ព្រែកលាប ស្ថិតក្នុងខណ្ឌជ្រោយចង្វារ បានស្លាប់នៅម៉ោងខ្ទង់ ៣រសៀលថ្ងៃនេះ នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់ពីសួតទាំងសងខាងរបស់គាត់បានរលាកធ្ងន់ធ្ងរដោយសារការវាយលុកនៃវីរុសកូវីដ១៩ ខណៈអ្នកជំងឺមានជំងឺទឹកនោមផ្អែមថែមទៀត។
បើតាមក្រសួងសុខាភិបាល ស្ត្រីខ្មែររូបនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតកាលពីថ្ងៃទី៣០ ខែមីនា បន្ទាប់ពីត្រូវបានរកឃើញឆ្លងកូវីដ១៩។
គិតមកដល់ថ្ងៃនេះ ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ដែលក្រសួងសុខាភិបាលប្រកាសជាផ្លូវការនោះ បានកើនដល់ ២៥នាក់ហើយនៅក្នុងរយៈពេលមិនដល់១ខែផង ក្រោយពីករណីស្លាប់លើកដំបូងកាលពីថ្ងៃទី១១ ខែមីនាកន្លងមកនេះ៕