ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។
នៅក្នុងអង្គសិក្ខាសាលា កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ នៅសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្ដម ផាន អូន បានមានប្រសាសន៍ថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងផ្នែកច្បាប់ចៀសវាងអនុវត្តខុសជាយថាហេតុដោយធុរជន សិទ្ធិអំណាចរបស់មន្រ្តីស៊ើបអង្កេត សិទ្ធិរបស់អ្នកប្រើប្រាស់ និងកាតព្វកិច្ចរបស់ធុរជន។
សិក្ខាសាលានេះ គឺជាវេទិកាយ៉ាងសំខាន់មួយ ក្នុងគោលបំណងជំរុញ លើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង ព្រមទាំងចែករំលែកនូវបទពិសោធន៍ល្អៗទៅវិញទៅមក និងពិភាក្សាបញ្ហាថ្មីៗ ដែលបាននឹងកំពុងកើតមានឡើងពាក់ព័ន្ធដល់ការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់កន្លងមក។
ទន្ទឹមនឹងការអនុវត្តច្បាប់ទាំងពីរនេះ អគ្គនាយកដ្ឋាន ក.ប.ប. ក៏ផ្តោតសំខាន់លើការបញ្ជ្រាបវប្បធម៌នៃការប្រកួតប្រជែងដោយស្មើភាព និងការការពារអ្នកប្រើប្រាស់ តាមរយៈការផ្សព្វផ្សាយ ក៏ដូចជាការជំរុញការយល់ដឹង ដល់ភាគីពាក់ព័ន្ធរួមមាន សហគមន៍ពាណិជ្ជកម្ម ស្ថាប័នរដ្ឋ ស្ថាប័នឯកជន ប្រព័ន្ធតុលាការ ដៃគូអភិវឌ្ឍន៍ បណ្តាញផ្សព្វផ្សាយ និងសាធារណជនទូទៅ លើបទប្បញ្ញត្តិនៃច្បាប់ និងការទទួលខុសត្រូវរួមគ្នា ដើម្បីធានាថាស្ថាប័នទាំងនោះមើលឃើញពីផលប្រយោជន៍នៃការប្រកួតប្រជែង និងការការពារអ្នកប្រើប្រាស់ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ក្នុងឱកាសនេះ អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្ដមឧកញ៉ា ងួន ម៉េងតិច បានណែនាំឱ្យអង្គសិក្ខាសាលាទាំងមូល សូមយកចិត្តទុកដាក់ស្តាប់នូវមាត្រាសំខាន់ៗនៃច្បាប់ទាំងនេះ ព្រោះថា ប្រៀបបានដូចជារបងដ៏រឹងមាំមួយ ដែលអាចជួយឱ្យអ្នកកំពុងប្រកបរបរទទួលទានដោយស្មោះត្រង់ និងសុចរិតទទួលបាននូវការគាំពារពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាអគ្គនាយកដ្ឋាន ក.ប.ប ក្នុងការប្រកបអាជីវកម្មរបស់ខ្លួនដោយមិនមានភាពភ័យខ្លាច និងឈ្នះនូវគូរប្រកួតប្រជែង ដែលមិនស្មោះត្រង់ណាមួយ៕អត្ថបទ៖ ឈិត បូរ៉ាវី