ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញសម្រេចបិទខ្ទប់សង្កាត់ចំនួន២នៅក្នុងខណ្ឌមានជ័យចាប់ពីម៉ោងសូន្យឈានចូលថ្ងៃទី១០ ខែមេសានេះ រហូតដល់ ១៤ថ្ងៃក្រោយ ដោយថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
ក្នុងសេចក្ដីសម្រេចចេញនៅល្ងាចនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានសម្រេចបិទខ្ទប់សង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យទី២ នៃខណ្ឌមានជ័យ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែមេសានេះ។
ក្នុងសេចក្ដីសម្រេចនោះ អាជ្ញាធររាជធានីភ្នំពេញហាមឃាត់ការធ្វើដំណើរចាកចេញពីផ្ទះសម្បែង ឬទីស្នាក់អាស្រ័យនាពេលបច្ចុប្បន្ន ហាមឃាត់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្ស និងសកម្មភាពអាជីវកម្ម ឬការប្រកបមុខរបរជាច្រើន។
ទោះជាយ៉ាងណា រដ្ឋបាលរាជធានីភ្នំពេញក៏ផ្ដល់ការលើកលែងចំពោះសកម្មភាពរបស់មនុស្ស និងការប្រកបអាជីវកម្មមួយចំនួនផងដែរ ដែលអាជ្ញាធរចាត់ទុកថា «ចាំបាច់» និងត្រូវបានអាជ្ញាធរអនុញ្ញាត។
សាលារាជធានីភ្នំពេញ បានសម្រេចបែបនេះ បន្ទាប់ពីមនុស្សរហូតដល់ទៅ ៦៣១នាក់ហើយ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩នៅត្រឹមយប់នេះ៕