រុស្ស៊ី៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov ត្រូវបានដកស្រង់សម្ដីដោយនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គោលបំណងនៃប្រតិបត្តិការសឹកពិសេសរបស់ទីក្រុង Moscow នៅក្នុងប្រទេសអ៊ុយក្រែនមិនផ្លាស់ប្ដូរទេ ប៉ុន្តែអាចសម្រេចបានតាមរយៈការចរចា។
ការអត្ថាធិប្បាយទៅកាន់កាសែតរុស្ស៊ី Izvestia គឺជាលើកចុងក្រោយក្នុងសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់នៅសប្ដាហ៍នេះ ដោយសង្កត់ធ្ងន់ពីការបើកឲ្យមានការចរចារបស់ទីក្រុង Moscow គឺជាការផ្លាស់ប្ដូរសំឡេង ក្រោយពេលបរាជ័យដ៏អាម៉ាស់ជាបន្តបន្ទាប់សម្រាប់កងកម្លាំងរុស្ស៊ីក្នុងសមរភូមិ ខណៈសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនឈានចូលជិតបញ្ចប់ខែទី៨។ លោក Peskov ត្រូវបានដកស្រង់សម្ដីដោយនិយាយថា គោលដៅមិនផ្លាស់ប្ដូរឡើយ ប្រតិបត្តិការសឹកពិសេសនៅតែបន្ត វានឹងបន្តដើម្បីសម្រេចបានគោលដៅរបស់យើង ប៉ុន្តែយើងបានបញ្ជាក់ដដែលៗថា យើងនៅតែបើកទ្វារចរចាដើម្បីសម្រេចបំណងរបស់យើង។
លោក Peskov បានបន្ថែមថា យ៉ាងណាក៏ដោយលោកពុំបានមើលឃើញក្ដីសង្ឃឹមណាមួយ សម្រាប់ការចរចាជាមួយលោកខាងលិចទេក្នុងពេលខាងមុខដ៏ខ្លីនេះ ដោយសារឥរិយាបទអរិភាពរបស់ខ្លួនចំពោះប្រទេសរុស្ស៊ី៕
អត្ថបទ៖ សុខមាន