ចំបាប់៖ កីឡាករចំបាប់ជម្រើសជាតិកម្ពុជា ១០រូបបានត្រឡប់មកដល់មាតុភូមិជាមួយលទ្ធផលផ្លែផ្កាដ៏ល្អប្រសើ របន្ទាប់ពីបោះជុំរុំហ្វឹកហាត់ជិត ២ខែនៅប្រទេសអ៊ីរ៉ង់លើប្រភេទកីឡាចំបាប់ Freestyle and Greco-Romance ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកជម្រើសជាតិកម្ពុជាបានឲ្យដឹងថា កីឡាករទាំង ១០រូបបានធ្វើដំណើរមកដល់កម្ពុជាកាលពីសប្ដាហ៍មុន បន្ទាប់ពីពួកគេបានហ្វឹកហាត់នៅអ៊ីរ៉ង់ចាប់ពីថ្ងៃទី១៣ ខែកញ្ញារហូតដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ក្រោមគម្រោងថវិការបស់គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។ បន្ទាប់ពីហ្វឹកហាត់នៅទីនោះ លោកសង្កេតឃើញសមិទ្ធផលរបស់កីឡាករម្នាក់ៗមានការកើនឡើងគួរឲ្យកត់សម្គាល់ ដ្បិតនៅទីនោះសម្បូរដៃគូប្រកួត និងមានក្លិបច្រើនចូលរួមប្រកួតជាមួយកីឡាករកម្ពុជា ពោលគឺរំលង ១ថ្ងៃប្រកួតម្ដង ដែលជំរុញឲ្យពួកគេអភិវឌ្ឍន៍សមត្ថភាពកាន់តែល្អប្រសើរ។ បន្ថែមលើនេះកីឡាករទាំង ១០រូបបានត្រៀមការប្រកួតជាច្រើនទៀតដើម្បីត្រៀមស៊ីហ្គេម ដូចជាការប្រកួត Maharani Cup I Senior National Championship in Medan 2022 នៅឥណ្ឌូនេស៊ីពីថ្ងៃទី២៨ ខែតុលាដល់ថ្ងៃទី០១ ខែវិច្ឆិកា និងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅកម្ពុជាពីថ្ងៃទី១៦-១៨ ខែធ្នូ ឆ្នាំ២០២២ និងការប្រកួតជើងឯកអាស៊ីនាដើមឆ្នាំក្រោយជាដើម។
លោក កាង ដែនពិសិដ្ឋ តាមរយៈនេះធ្វើឲ្យសហព័ន្ធមានសង្ឃឹមខ្ពស់លើពួកគេ ក្នុងការប្រជែងរកមេដាយច្រើននៅក្នុងការប្រកួតស៊ីហ្គេមឆ្នាំក្រោយ។ ទោះបីមិនអាចសន្និដ្ឋានមុនថានឹងឈ្នះមេដាយមាស ប្រាក់ ឬសំរឹទ្ធ តែផ្អែកលើគុណផលរបស់កីឡាករកម្ពុជាពេលនេះ លោកមានជំនឿយ៉ាងមុតមាំ ពួកគេនឹងអាចដណ្ដើមមេដាយបានច្រើនជូនជាតិ។ គួរដឹងថា កីឡាករ ១០រូបដែលត្រូវបានបញ្ជូនទៅហ្វឹកហាត់នៅអ៊ីរ៉ង់ រួមមានកីឡាករ ឃុន ប៊ុនណា, ហេង វុទ្ធី, ជុន ធួន, ចាប សុខលី, សឿន សុភាស់, ថាច សុជាតិ, លឹម សុខលាង, អ៊ុល សៅហ៊ាង, ឈឿន ឈាង និង ឈឿង វាសនា ដែលដឹកនាំដោយគ្រូបង្វឹកជនជាតិអ៊ីរ៉ង់លោក Ghasemi Komeil។ ក្រៅពីពួកគេ សហព័ន្ធក៏បានបញ្ជូនកីឡាករ-កីឡាការិនី ១៥រូបផ្សេងទៀតទៅបោះជុំរុំហ្វឹកហាត់នៅចិន ដើម្បីត្រៀមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជាផងដែរ៕
អត្ថបទ៖ លី ឈុនឡា