បាល់ទាត់៖ ក្រុមហ៊ុនវិនិយោគប្រេស៊ីលមួយបានអំពាវនាវឱ្យ Neymar ប្រឈមមុខនឹងការកាត់ទោសជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ នៅពេលដែលការកាត់ទោសត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយពីបទក្លែងបន្លំ និងអំពើពុករលួយទាក់ទងនឹងការផ្ទេររបស់គាត់ទៅ Barcelona ពី Santos ក្នុងឆ្នាំ២០១៣។
Neymar វ័យ ៣០ឆ្នាំបានបដិសេធការចោទប្រកាន់នេះ ប៉ុន្តែបានចាញ់ការប្តឹងឧទ្ធរណ៍នៅតុលាការកំពូលរបស់ប្រទេសអេស្ប៉ាញក្នុងឆ្នាំ២០១៧ ដែលនាំឱ្យការកាត់ក្តីត្រូវបាននាំមកដោយរដ្ឋអាជ្ញាអេស្ប៉ាញ។ តុលាការបាននិយាយថា កីឡាកររបស់ក្លឹប PSG រូបនេះនឹងត្រូវបង្ហាញខ្លួនដោយផ្ទាល់សម្រាប់ថ្ងៃដំបូងនៅទីក្រុង Barcelona នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ ប៉ុន្តែគេមិនទាន់ច្បាស់ថាតើ Neymar នឹងត្រូវបានស្នើសុំឱ្យស្នាក់នៅសម្រាប់សវនាការទាំងមូល ដែលអាចមានរយៈពេលពីរសប្តាហ៍។ ចុងចោទផ្សេងទៀតគឺឪពុកម្តាយរបស់ Neymar ក្លឹបទាំងពីរអតីតប្រធានក្លឹប Barcelona លោក Josep Maria Bartomeu និង Sandro Rosell និងអតីតប្រធាន Santos Odilio Rodrigues។
DIS ទទួលបានភាគរយនៃសិទ្ធិរបស់ Neymar នៅពេលគាត់មានអាយុ ១៧ឆ្នាំជាថ្នូរនឹងលុយ ២លានអឺរ៉ូ។ Barcelona បាននិយាយនៅពេលផ្ទេរ Neymar ថា តម្លៃផ្ទេរគឺ ៥៧,១លានអឺរ៉ូ ដែលក្នុងនោះ ៤០លានអឺរ៉ូត្រូវបានប្រគល់ទៅឱ្យគ្រួសាររបស់គាត់។ ក្រុមហ៊ុនវិនិយោគទទួលបានចំណែក ៤០% នៃប្រាក់ដែលនៅសល់ចំនួន ១៧.១លានអឺរ៉ូនោះសល់ប៉ុន្មានគឺបានទៅក្លិប Santos។ ក៏ដូចជាការទាមទារឱ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ DIS ក៏កំពុងស្នើសុំការកាត់ទោសដាក់ពន្ធនាគារសម្រាប់ Rosell និង Bartomeu និងពិន័យជាប្រាក់ ១៤៩លានអឺរ៉ូផងដែរ។ រដ្ឋអាជ្ញាអេស្ប៉ាញចង់បានការជាប់ពន្ធនាគាររយៈពេលពីរឆ្នាំសម្រាប់ Neymar និងការបង់ប្រាក់ពិន័យចំនួន ១០លានអឺរ៉ូ និងការជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំសម្រាប់ Rosell បូករួមទាំងការពិន័យចំនួន ៨.៤លានអឺរ៉ូសម្រាប់ក្រុម Barcelona៕
អត្ថបទ៖នាង សុភាវុធ